អាជ្ញាធររបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសបិទទ្វារសាលារៀនជាបណ្តោះអាសន្ន ព្រមទាំងហាមប្រជានេសាទមិនឲ្យចេញទៅកាន់សមុទ្រផងដែរ ស្ថិតនៅភាគកណ្តាលប្រទេសនោះ ខណៈដែលខ្យល់ព្យុះ៣បាននិងកំពុងគំរាមកំហែងដល់ទីតាំងច្រាំងសមុទ្រភាគខាងកើត បង្កឲ្យមានភ្លៀងធ្លាក់ច្រើន ព្រមទាំងបង្កឲ្យមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីជាដើម ។
ការិយាល័យឧតុនិយមប្រទេសហ្វីលីពីនបានប្រកាសផ្សព្វផ្សាយព័ត៌មានថា ខ្យល់ព្យុះដែលមានឈ្មោះហៅថា Melor ឬដែលគេស្គាល់នៅក្នុងតំបន់ថា Nona នោះបាននិងកំពុងបក់បោកក្នុងល្បឿន២០៥គីឡូម៉ែត្រក្នុងមួយម៉ោងស្ថិតនភាគខាងកើតដែនកោះ Samar បន្ទាប់ពីមានខ្យល់ព្យុះ២ផ្សេងទៀតបក់បោកទាំងយប់អធាត្រដែលមានល្បឿន១៥០គីឡូម៉ែត្រក្នុងមួយម៉ោងស្ថិតនៅតំបន់ភាគកណ្តាលរបស់ប្រទេសហ្វីលីពីននោះ ។
ខ្យល់ព្យុះ Melor នៅពេលនេះគឺមានល្បឿន ភិនភាគ និងកម្លាំងខ្យល់ដូចគ្នាទៅនឹងខ្យល់ព្យុះ ហេយ៉ានផងដែរ ដែលខ្យល់ព្យុះហេយ៉ាន នោះមានកូនព្យុះតូចៗចំនួន៥បានបក់បោកនៅភាគកណ្តាលប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៣ បណ្តាលឲ្យពលរដ្ឋរហូតដល់ជិត៨ពាន់នាក់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតនៅបាត់ខ្លួន ។
ខ្យល់ព្យុះ Melor នេះ បើតាមការិយាល័យឧតុនិយមហ្វីលីពីនបានបញ្ជាក់ថា នឹងបក់បោកដល់លំនៅឋានពលរដ្ឋនៅវេលាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ដែលស្ថិតនៅក្នុងខេត្ត Sorsogon ភាគខាងត្បូងដែនកោះ Luzon ។ អាជ្ញាធរគ្រប់គ្រងមហន្តរាយហ្វីលីពីនបានប្រកាសបិទទ្វារសាលារៀនជាបណ្តោះអាសន្ន ហើយក្រុមមន្ត្រីជួយសង្គ្រោះបន្ទាន់បានចាប់ផ្តើមជម្លៀសពលរដ្ឋភ្លាមៗផងដែរ ។
មនុស្សប្រមាណ៨ពាន់នាក់បានជាប់គាំងនៅកំពង់ផែ បន្ទាប់ពីឆ្មាំការពារដែនសមុទ្របានបញ្ឈប់រាល់ការចេញដំណើររបស់ស្រឡាងទាំងអស់ ក៏ដូចជាហាមឃាត់ប្រជានេសាទមិនឲ្យចេញទៅកាន់សមុទ្រផងដែរស្ថិតនៅតំបន់ភាគកណ្តាលរបស់ហ្វីលីពីនោះ ។
លោក Adam Douty អ្នកឧតុនិយមវិទ្យាបានបញ្ជាក់ថា ខ្យល់ព្យុះ Melor នេះជាខ្យល់ព្យុះដែលមានកម្លាំងខ្លាំង និងមានការប៉ះទង្គិចខ្លាំងបំផុត ដូច្នេះ មានតែការការពារជាមុនទេដើម្បីបញ្ចៀសការខូចខាតកុំឲ្យស្ថិតក្នុងកម្រិតមួយខ្ពស់ខ្លាំងពេក ។
លោក Alexander Pama អគ្គនាយកក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយមហន្តរាយជាតិរបស់ហ្វីលីពីនបានថ្លែងថា ខ្យល់ព្យុះ Melor ត្រូវរំពឹងថា នឹងបង្កជាគ្រោះទឹកជំនន់ បាក់ដី កម្ពស់ទឹកកើនឡើងយ៉ាងតិច៤ម៉ែត្រ និងធ្វើឲ្យកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍ផងដែរ ។
ខេត្តចំនួន២០ក្នុងចំណោមទឹកដីហ្វីលីពីនទាំងមូលកំពុងស្ថិតនៅក្រោមការប្រកាសឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះខ្យល់ព្យុះ ។ ខេត្តទាំងនេះនៅជុំវិញទីក្រុងម៉ានីលតែម្តង ។ ក្នុងមួយឆ្នាំៗ ខ្យល់ព្យុះប្រមាណ២០ ដែលមានកម្លាំងខ្លាំងបានបក់បោកមកលើប្រទេសហ្វីលីពីន ៕
ប្រែសម្រួល៖ ថាច់ យ៉ាត