សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក និងចិន បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសជុំវិញពិភពលោក ដោយអាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល់ ។ នៅពេលនេះដំណើរពិភាក្សា ស្តីពីពាណិជ្ជកម្ម រវាងអាមេរិកមានការរីកចំរើនឆ្ពោះទៅមុខ យ៉ាងល្អប្រសើរ ។
កិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម រវាងអាមេរិក និងចិន កាន់តែប្រើសើឡើង ដោយប្រទេសទាំងពីរអាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលឆាប់ៗដើម្បីបញ្ចប់សង្គ្រាម ពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសថា នឹងទទួលបានកិច្ចព្រមព្រៀង នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ពេលបំពេញទស្សនកិច្ចទៅកាន់អាមេរិក។
កាលពីថ្ងៃទី២៥ខែមេសា ប្រធានាធិបតីអាមេរិក ដូណាលត្រាំបានប្រកាសថាលោកនឹងមានជំនួបក្នុងពេលឆាប់ៗនេះនៅសេតវិមានជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ។ ការប្រកាសខាងលើរបស់លោកត្រាំ មានន័យថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោកនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយពិភាក្សាអស់ជាច្រើនខែកន្លងមក។
កន្លងមកសេតវិមានបានប្រកាសថាតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin នឹងទៅកាន់ទីក្រុងប៉េកាំងចូលរួមពិភាក្សា ស្តីពីពាណិជ្ជកម្ម នៅថ្ងៃទី៣០ខែមេសានេះ ។ នេះជាកិច្ចពិភាក្សាដោយផ្ទាល់ រវាងរដ្ឋមន្ត្រីអាមេរិកនិងចិន ដើម្បីឈានដល់កិច្ចព្រមព្រៀង បញ្ចប់ការប្រឈមមុខដាក់គ្នាក្នុងវិស័យពាណិជ្ជកម្ម។
ឧបនាយករដ្ឋមន្ត្រីចិន នឹងដឹកនាំគណៈប្រតិភូរបស់ចិន ទៅកាន់អាមេរិក ដើម្បីពិភាក្សាបន្ថែមនៅថ្ងៃទី៨ខែឧសភា ។ តាមការលើកឡើងរបស់ប្រធានាធិបតីដូណាលត្រាំ លោកនឹងចុះកិច្ចព្រមព្រៀង ជាមួយប្រធានាធិបតីស៊ីជីងពីង ក្នុងពេលដ៏ខ្លីខាងមុខ ៕