ខេត្តពោធពោធិ៍ ៖ បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាង សង់ប្រព័ន្ធធារាសាស្រ្ត លំហាច នៅខេត្តកំពង់ឆ្នាំងរួចមក នាថ្ងៃដដែលនេះ (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩) លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារជាថ្នាក់ដឹកនាំក្រសួង អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបន្តដំណើរចុះទៅពិនិត្យ៖
១) ការធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹក ដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុងនៃប្រព័ន្ធធារាសាស្រ្តដំណាក់ អំពិល ស្ថិតក្នុងសង្កាត់លលក ស ក្រុងពោធិ៍សាត់។
២) ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សូមជម្រាបថា គម្រោងធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹកដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុងនៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ត្រូវបានអនុវត្តក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ចំនួនប្រមាណ ១,៥០ លានដុល្លាអាមេរិក សម្រាប់រយៈពេល០២ឆ្នាំ (២០១៨- ២០១៩) និងបច្ចុប្បន្នការងារសម្រេចបាន ៩០ភាគរយ។
ដោយឡែក ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់ ឈើក្រំ ក្រោមប្រាក់កម្ចីនិងជំនួយឥតសំណងចំនួន ៤៧.៧លានដុល្លាអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាសុី ត្រូវអនុវត្តរយៈពេល ០៣ឆ្នាំ (២០១៧-២០១៩) ហើយរហូតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ៣០ភាគរយ។ គម្រោងនេះ ពេលសាងសង់រួច មានលទ្ធភាពស្រោចស្រពលើៃផ្ទដី ចំនួន ១៦ ១០០ហិកតា នៅរដូវវស្សា និងចំនួន៥០០០ ហិកតា នៅរដូវប្រាំង។
នៅពេលចុះពិនិត្យទីតាំងគម្រោងខាងលើលោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបានរហូតមកដល់ពេលនេះ ព្រមទាំងបានណែនាំលើលក្ខណៈបច្ចេកទេសដែលត្រូវយកចិត្តទុកដាក់ដើម្បីពង្រឹងលើគុណភាពសំណង់ដែលកំពុងសាងសង់ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងទៅមុខ៕