ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា លោកវរសេនីយ៍ឯក អាំ សុជាតិ នាយករងមន្ទីរប្រឆាំងគ្រឿង ញៀន និងមានការសម្រប សម្រួលពីលោក គួជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ចំនួននៅ៣គោលដៅផ្សេងគ្នា ជាលទ្ធ ផលចាប់ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងបក្ខពួកម្នាក់ទៀត ចាប់យកវត្ថុតាងគ្រឿងញៀនជិត៣គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ត្រីប្រឆាំងគ្រឿង ញៀនឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងចំនួន៣គោលដៅ៖
១- គោលដៅទី១៖ នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល បន្ទប់លេខ២០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាងមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ២២៧.៦១ក្រាម និងជញ្ជីងថ្លឹង១គ្រឿង ។
២- គោលដៅទី២៖ នៅវេលាម៉ោង៧ល្ងាចនាទី ថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារអូរប្ញស្សី សង្កាត់អូរប្ញស្សី ខណ្ឌ៧មករា ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តាំង ស្រុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ២,០១៤.៨ក្រាម។
៣- គោលដៅទី៣៖ នៅវេលាម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្តទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យឈ្មោះ តាំង ស្រុន នៅចំណុចផ្ទះលេខ ១៣៦ អឺ២ ផ្លូវសុកហុក (១០៧) សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ដកហូតវត្ថុតាងរួមមានសារធាតុញៀន មេតំហ្វេតាមីន (ice) ២៨២.៨៩ក្រាម, ជញ្ជីងថ្លឹង១គ្រឿង, សំបកកញ្ចប់ (តែ) សម្រាប់ច្រកគ្រឿងញៀនចំនួន១៩កញ្ចប់ (ច្រកគ្រឿង ញៀនចំនួន១៩គីឡូក្រាម) ដែលជនសង្ស័យបាន រំលែកលក់ឱ្យម៉ូយតែ១សប្តាហ៍ប៉ុណ្ណោះ, សំបកថងផ្លាសស្ទិតសម្រាប់វេចខ្ចប់មួយចំនួន និងបានឃាត់ទុកទ្រព្យសម្បត្តិ៖ ផ្ទះល្វែងលេខ ១៣៦ អឺ២ របស់ឈ្មោះ តាង ស្រុន។
លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង បញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ឃាត់ខ្លួននៅមន្ទីរប្រឆាំងគ្រឿងញៀន និងរៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ។
ចំពោះវត្ថុតាងដែលចាប់បានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២៥២៥.៣ក្រាម ជញ្ជីងថ្លឹង២គ្រឿង ទូរស័ព្ទដៃ៣គ្រឿង ថងវេចខ្ចប់មួយចំនួន និងឃាត់ទុកផ្ទះ១ល្វែង៕ ដោយ ៖ ជាយក្រុង