ខេត្តកំពង់ឆ្នាំង៖ បុរសជាជនរបទេសម្នាក់ ជាមេការខាងបច្ចេកទេសម៉ាស៊ីននាវាទេសចរណ៍ បានស្លាប់នៅលើនាវាទេសចរណ៍បង្កអោយមានការភ្ញាក់ផ្អើលដល់បុគ្គលិកក្នុងនាវានេះ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៧ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចកោះចោ ភូមិសាស្រ្ត ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោកស្រី ឃុន ភិរម្យ ជាអ្នកគ្រប់គ្រងនាវាទេសចរណ៍ MEKONG DAWN បានប្រាប់អោយដឹងថា បុរសជាជនបរទេសដែលស្លាប់នេះមានឈ្មោះ ង្វឿង វ៉ាន់ទឿង អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែន របស់ប្រទេសវៀតណាម លេខ B8620897 ជាជនជាតិវៀតណាមជាមេការ បច្ចេកទេសខាងម៉ាស៊ីននាវា មានទីលំនៅខេត្តឡុងអាន ប្រទេសវៀតណាម ។
លោកស្រីរូបនេះបានប្រាប់អោយដឹងទៀតថា គាត់រួមនឹងបុគ្គលិកមិនដឹងថា គាត់ស្លាប់តាំងពីពេលណានោះទេ ប៉ុន្តែនៅចន្លោះម៉ោង៦និង៧ព្រឹកនេះ គាត់អោយបុគ្គលិកម្នាក់ឈ្មោះ វណ្ណា ទៅហៅង្វឿង វ៉ាន់ទឿង ជាមេការបច្ចេកទេសម៉ាស៊ីន អោយងើបមកមើលម៉ាស៊ីន ដើម្បីត្រៀមលក្ខណៈទៅដឹកភ្ញៀវ ស្រាប់តែទៅដល់កន្លែងរបស់បុរសនោះសម្រាក ក៍បុគ្គលិកប្រាប់ថា គាត់ស្លាប់បាត់ទៅហើយ រួចក៍នាំគ្នាផ្អើលឆោឡោឡើង ព្រោះនឹកស្មានមិនដល់ ដោយសារតែពីល្ងាចគាត់ដូចអត់មានកើតអីទេ នាំគ្នានិយាយលេងធម្មតា ក្រោយមកក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចអោយមកពិនិត្យសាកសពតែម្តង ។
សមត្ថកិច្ចដែលចុះទៅពិនិត្យសាកសពនេះបានប្រាប់ថា បុរសជនជាតិវៀតណាមដែលស្លាប់នេះគឺ បណ្តាលមកពីខ្យល់គ ដោយគ្មានអ្នកដឹង ដែលស្លាប់ក្នុងចន្លោះម៉ោង១ទៅម៉ោង២យប់ ហើយករណីនេះមិនមែនជាករណីឃាតកម្មនោះទេ ។
នៅពេលនេះសមត្ថកិច្ចបានប្រគល់សាកសព អោយអ្នកគ្រប់គ្រងនាវាទេសចរណ៍ MEKONG DAWN ដើម្បីចាត់ចែងដឹកយកទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យនៅប្រទេសវៀតណាម ៕
ដោយ៖ ចន្ថា