ភ្នំពេញ៖កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លុយជាង៣លានដុល្លារអាមេរិក ដែលមានប្រភពមិនច្បាស់លាស់ ត្រូវបានយកទៅរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដេីម្បីជាភស្តុតាង ក្នុងសំណុំរឿងចាប់ខ្លួនជនជាតិចិន៣នាក់ ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប៉េហ្ស៊ី ។
នេះបេីតាមការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។
តាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិចិន៣នាក់ ធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើកមកហើយ ។
លទ្ធផលនៃការសាកសួរ បានបង្ហាញថា ជនសង្ស័យ២នាក់ ពិតជាបានយកសាច់ប្រាក់សរុបចំនួន ៣.៥២០.០០០ដុល្លាអាមេរិក ចេញពីទីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជាមែន ដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់។
ទោះបីយ៉ាងណា ពេលនេះ សំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ ដែលនឹងបន្តការស៊ើបអង្កេតបន្តទៀត ៕ចេស្តា