បុរសម្នាក់បើករថយន្ត​បុករបាំងថ្មពុះចែកទ្រូងផ្លូវ​ មុខច្រកចូលផ្សារទួលគោកបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង​ និងបាក់ របាំងថ្មអស់១កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​បុករបាំងថ្មពុះចែកទ្រូងផ្លូវ​ មុខច្រកចូលផ្សារទួលគោកបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង​ និងបាក់ របាំងថ្មអស់១កង់។
ហេតុការណ៍នេះបង្កការឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១ ខែឧសភា​ ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩​ ក្នុងសង្កាត់ បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត​ម៉ាក តូយ៉ូតា តាកូម៉ា ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-5341 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ខ្ទាតទៅកណ្ដាលផ្លូវ ចំណែករថយន្តដាច់កង់មុខក្រឡាប់ផ្ងារជើងមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើករថយន្ត និងអ្នកធ្វើដំណើរតាមផ្លូវរងគ្រោះថ្នាក់នោះទេ។

បន្ទាប់ពីកើតហេតុអ្នកបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុបាត់ទុករថយន្តចោល ហើយសមត្ថកិច្ចមូល ដ្ឋានបានចុះមកដល់ ទាក់ទងទៅជំនាញចរាចរក្រុងឲ្យស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print