សឿន វីតា អរស្ទើរហោះ ក្រោយប្រពន្ធសម្រាលបានកូនស្រីម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែងសម្បុរស្រអែម សឿន វីតា ទើបនឹងទទួលបានចំណងដៃកូនស្រីម្នាក់ បន្ទាប់ពីកូនប្រុសមានវ័យជាង២ខួបហើយនោះ។ តារារូបនេះលើកឡើងថាលោកអរស្ទើហោះក្រោយពីដឹងថាជាកូនស្រី ខណៈដែលប្រពន្ធ និងកូនមានសុខភាពល្អ។

តារាសម្តែង និងជាអ្នករកស៊ីជួលរថយន្តដឹកអ្នកដំណើរ សឿន វីតា នៅតែបន្តការងារសិល្បៈជាហូរហែ ។ ក្រោយរៀបមង្គលការជាង៤ឆ្នាំហើយនេះតារារូបនេះតែងបង្ហាញពីសុភមង្គលក្នុងគ្រួសារ ហើយជីវិតគូរបស់ពួកគេកាន់តែ​ផ្អែមល្ហែមក្រោយពីទទួលបានចំណងដៃកូនប្រុស ឈ្មោះវីតា ណាដេតដែលពេលនេះវ័យ២ ខួប ៤ខែហើយដែរ និងជាក្មេងដែលឆ្លាតគួរឲ្យស្រលាញ់។ តារារូបនេះបញ្ជាក់ថា លោកត្រេកអរកាន់តែខ្លាំងក្រោយ ពីដឹងថាកូនក្នុងផ្ទៃជាកូនបន្ទាប់ជាកូនស្រី។

លោកថា តាមពិតប្រពន្ធលោកត្រូវសម្រាលក្នុងអំឡុងថ្ងៃទី៤ខែឧសភា ប៉ុន្តែដោយសារកាលពីថ្ងៃទី៣០ខែមេសា​នេះ ប្រពន្ធលោករអិលដួលទើបលោកបានបញ្ជូនប្រពន្ធទៅមន្ទីរពេទ្យ ហើយលោកបារម្ភពីសុខភាពរបស់ភរិយាទើបសម្រេចចិត្តឲ្យពេទ្យធ្វើការវះកាត់នៅថ្ងៃនោះតែម្តាយ។ លោកសប្បាយចិត្តខ្លាំងដែលភរិយា និងកូនស្រីមានសុខភាពល្អ កូនមានទម្ងន់ជាង៣គីឡូក្រាម និងមានមុខមាត់គួរឲ្យស្រលាញ់ ។

ក្រោយបានចំណងដៃកូនស្រីម្នាក់ទៀតលោករំពឹងថាជីវិតគ្រួសារតូចមួយថ្មីនេះនឹងកាន់តែមានសេចក្តីសុខ ហើយជាកម្លាំងចិត្ត​សម្រាប់លោក​បន្តប្រឹងប្រែងការងារផងដែរ។ មានមិត្តភ័ក្កិ សាច់ញាតិជាច្រើនបានធ្វើដំណើរទៅសាកសួរសុខទុក្ខផ្ទាល់ និងជូនពរក្រុមគ្រួសារមួយនេះជាហូរហែផងដែរ។

ក្រោយប្រពន្ធសម្រាលបានកូននេះលោកនៅមិនមានគម្រោងច្បាស់លាស់ក្នុងការបង្កើនសមាជិកគ្រួសារនៅ ឡើយ ខណៈដែលការងារសិល្បៈលោកនៅតែរក្សាជំហរបន្តប្រឡូក និងបង្កើនការងារមុខរបរខាងក្រៅឲ្យកាន់ តែប្រសើរជាងនេះ ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print