នារីរូបស្រស់បើករថយន្តបុកកង់បីឥណ្ឌាឲ្យក្រឡាប់ផ្ងាជើងរងរបួសធ្ងន់ស្រាលពីរនាក់ រួចបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់មកវិញ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់រួមដំណើរនិងក្មេងស្រីម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅកង់បីឥណ្ឌាដែលកំពុងបត់ឆ្លងផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាង និងធ្វើឲ្យនារីម្នាក់ជាភ្លៀវរងរបួសជើងស្តាំម្ខាង(ធ្ងន់) ចំណែកម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសស្រាល រីឯរថយន្តបង្កព្យាយាមបើករត់ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ១៩៩២ ក្បែរច្រកចូលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសជាម្ចាស់ម៉ូតូកង់បីឥណ្ឌា បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-6510 បានដឹកនារីម្នាក់ជាភ្ញៀវ មកពីម្តុំផ្សារសែនសុខបំណងមកម្តុំផ្សារអីុអន២ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ចំណុចច្រកចូលផ្សារអុីអន២ ក៏បានសុីញូបត់ឆ្វេងដៃបានបន្តិច ស្រាប់តែមានរថយន្តហាយឡែនឌ័រ មួយគ្រឿងពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2V-4955 បើកបរដោយនារីរូបស្រស់ម្នាក់រួមដំណើរនិងក្មេងស្រីម្នាក់ទៀតមកពីក្រោយស្របទិសដៅគ្នាក៏បុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងម្ខាង ធ្វើឲ្យនារីជាភ្ញៀវម្នាក់រងរបួសជើងស្តាំម្ខាងធ្ងន់ចំណែករូបគាត់ជាម្ចាស់ម៉ូតូកង់បីរងរបួសបែក្បាលតិចតួច។
បន្ទាប់មករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបើករត់ ខណះនោះកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងល្បាតឃើញហេតុការណ៍នេះបានដេញរថយន្តបង្កមកដល់ជិតនិងផ្សារបៃតងផ្លូវសម្តេចជាសុីមទើបឃាត់រថយន្តបង្កបាននិងរួមនិងអ្នកបើកបរយកមកកន្លែងកើតវិញ។
បន្ទាប់មក ដោយភាគីទាំងសងខាងមិនអាចចចាគ្នាបាន ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាតាមក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print