បញ្ជូន​ លោក​ ឌួង​ ណាគ្រី​ មក​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​មជ្ឈដ្ឋាន​ជាច្រើន​ កត់សម្គាល់​ថា​ ឱ្យ​តែ​ជនសង្ស័យ​ជា​មន្ត្រី​ ឬ​ អ្នក​មាន​ស្តុកស្តម្ភ​ នៅ​ពេល​ចាប់​ខ្លួន​បញ្ជូន​មក​តុលាការ​ម្ដង​ៗ​ សមត្ថកិច្ច​តែងតែ​បេីក​ឡាន​ចូល​ដល់​ក្នុង​តុលាការ​ ដែល​អ្នក​សារព័ត៌មាន​គ្មាន​សិទ្ធិ​ចូល​ថត​ឡើយ​ ដែល​ខុស​គ្នា​ទាំងស្រុង​ពី​ជនសង្ស័យ​ ដែល​មាន​សភាព​ក្រីក្រ​តោកយ៉ាក​ ត្រូវ​បណ្តេីរចូល​តុលាការ​យ៉ាង​សន្សឹមៗ​ ។

នៅ​ល្ងាច​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ លោក​ ឌួង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ត្រូវ​បាន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់ការ​តាម​ច្បាប់​ ករណី​បាញ់​ចំនួន​៥គ្រាប់​ បណ្តាល​ឱ្យ​បែក​កញ្ចក់​ឡាន​ ក្នុង​គោលបំណង​ប៉ុនប៉ង​ឃាតកម្ម​ ។

ការ​សម្រេច​ចាប់​ខ្លួន​លោក​ឌួង​ ណាគ្រី​ នេះ​ បន្ទាប់​ពី​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ ថា”សមត្ថកិច្ច​ពុំ​គួរ​ពិន័យ​ត្រឹម​កងកម្លាំង​នោះទេ​”​គួរ​ចាត់​ការ​តាម​បទល្មើស​ព្រហ្មទណ្ឌ​ ។

ទោះបី​យ៉ាងណា​ ពេល​នេះ​ មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មេីល​ថា​ តេី​តុលាការ​នឹង​សម្រេច​យ៉ាង​ដូចម្ដេច​ចំពោះ​លោក​ឌួង​ ណាគ្រី​ ។

សូម​បញ្ជាក់​ថា​ ជនបង្ក​ដែល​បាញ់​៥គ្រាប់​បណ្ដាល​បែក​កញ្ចក់​ឡាន​ ក្នុង​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​ គឺ​ លោក​វរសេនីយ៍ទោ​ ឌួង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ។ ចំណែក​ជនរងគ្រោះ​ ឈ្មោះ​ ភូ​រិស្ស​ ស្តូរ៉ា់​ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ CPS ។

ជនរងគ្រោះ​ ភូ​រិស្ស​ ស្តូរ៉ា់​ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ CPS​ ថ្លែង​ប្រាប់​ថា​ លោក​ពុំ​ដែល​ស្គាល់​ ឬ​ ធ្លាប់​មាន​ទំនាស់​ជាមួយ​ជនបង្ក​នោះទេ​ ។ ប៉ុន្តែ​នៅ​យប់​កេីត​ហេតុ​ គឺ​ ជនបង្ក​មាន​លក្ខណៈ​ស្រវឹង​ជោកជាំ​ ទេីប​ឈាន​ដល់​ការ​បាញ់​បំបែក​កញ្ចក់​ឡាន​របស់​លោក​ ។ ពេល​នេះ​ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ហើយ​ ដេីម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ទៅ​លេី​ជនបង្ក​រូប​នេះ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ ថ្លែង​ប្រាប់​ថា​ បន្ទាប់ពី​ហេតុការណ៍​បាញ់​ប្រហារ​កេីត​ឡើង​កាលពី​វេលា​ម៉ោង​០០៖៥៥នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៣កែង​ផ្លូវ​៦៤៨​ ភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ គឺ​ មាន​អន្តរាគមន៍​ជាច្រើន​ពី​មន្ត្រី​គ្រាក់ៗ​ឱ្យ​មាន​ការ​សម្របសម្រួល​គ្នា​ ។ ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ​មិន​ព្រម​ទេីប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ ឃាត់ខ្លួន​ជនបង្ក​តែម្តង​ ។

មាត្រា​២៧នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែងថា”ការ​ប៉ុនប៉ង​ក្នុង​បទ​ឧក្រិដ្ឋ​ ឬ​ ក្នុង​ករណី​ដែល​ច្បាប់​បាន​ចែង​ទុក​ក្នុង​បទ​មជ្ឈិម​ អាច​ត្រូវ​ផ្តន្ទា​ទោស​បាន​ កាលណា​លក្ខខណ្ឌ​ខាង​ក្រោម​នេះ​ ត្រូវ​បាន​បំពេញ​ ៖

-ចារី​បាន​ចាប់ផ្ដើម​អនុវត្ត​បទល្មើស​ មាន​ន័យ​ថា​ ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែល​មាន​គោលបំណង​ដោយ​ផ្ទាល់​ដេីម្បី​ប្រព្រឹត្ត​បទល្មើស​ និង​ ចារី​មិន​បាន​បញ្ឈប់​អំពើ​របស់​ខ្លូន​ទៅ​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​ តែ​ត្រូវ​បាន​រាំងស្ទះ​ ឬ​ អាក់ខាន​ ដោយ​ឥទ្ធិពល​នៃ​កាលៈទេសៈ​ក្រៅ​ឆន្ទៈ​របស់​ខ្លូន​ ។

អំពើ​ត្រៀម​បម្រុង​ដែល​ពុំ​មាន​គោលបំណង​ដោយ​ផ្ទាល់​ ដេីម្បី​ប្រព្រឹត្ត​បទល្មើស​ មិនមែន​ជា​ការ​ចាប់ផ្ដើម​អនុវត្ត​ទេ​ ។ ការ​ប៉ុនប៉ង​ក្នុង​បទ​លហុ​ ពុំ​ទទួល​ការ​ផ្តន្ទា​ទោស​ទេ​”។

មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែង​ថា”អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ ដោយ​ប្រេី​អាវុធ​ ឬ​ មិន​ប្រើ​អាវុធ​ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០(បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​)ដល់​មាត្រា​២០៥(បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​)នៃ​ក្រម​នេះ​ គឺ​ ជា​ឃាតកម្ម​ ។

ឃាតកម្ម​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print