វិភាគអន្តរជាតិ ៖ កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់​មីស៊ីល , អាមេរិកចាប់នាវាដឹកទំនិញកូរ៉េខាងជើង ធ្វើឲ្យស្ថានភាពងាកទៅរកភាពតានតឹងជាថ្មី

ចែករំលែក៖

ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង បានល្អប្រសើរ មិនបានយូរប៉ុន្មាននោះឡើយ ដោយពេលនេះមានសញ្ញាតានតឹងជាថ្មី​ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ហើយពេលនេះ​ អាមេរិកក៏បានចាប់នាវាដឹកទំនិញរបស់កូរ៉េខាងជើងមួយគ្រឿង ។​

ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធ របស់កូរ៉េខាងជើង  សារព័ត៌មានជាតិកូរ៉េខាងជើង KCNA ​បានផ្សាយនៅថ្ងៃទី​១០ខែឧសភា ថា មេដឹកនាំគីមជុងអ៊ុន បានតាមដានដោយផ្ទល់ដល់សកម្មភាពធ្វើសមយុទ្ធ ដែលមានយុទ្ធសាស្ត្រវាយប្រហារយៈចម្ងាយឆ្ងាយ ។

ការផ្សាយព័ត៌មានខាងលើ​ ក្រោយពេលដែលកូរ៉េខាងត្បូង បានបញ្ចាក់ថា មីស៊ីលដែលកូរ៉េខាងជើង បានសាកល្បង​កាលពីថ្ងៃទី​៩ខែឧសភា ​ជាប្រភេទរយៈចម្ងាយខ្លី​។ សារព័ត៌មាន​ KCNA ​បានផ្សាយថា​  ទីតាំងដែលមេដឹកនាំ គីមជុងអ៊ុន តាមដានសកម្មភាពសមយុទ្ធគឺស្ថិតនៅ ចម្ងាយឆ្ងាយ ដោយតាមដានដោយប្រព័ន្ធស្វ័យប្រវតិ។សារព័ត៌មាន​KCNA ​បានផ្សាយថា សមយុទ្ធខាងលើទទួលបានជោគជ័យទាំងស្រុង​។ កម្លាំងទាហាន​បានត្រៀមលក្ខណៈទាំងការពារនិងវាយលុកបានយ៉ាងល្អប្រសើរ ។

ការបាញ់មីស៊ីលកាលពីថ្ងៃទី​៩ខែឧសភា គឺជាការសាកល្បង លើកទីពីរ ក្នុងរយៈពេល១សប្តាហ៍នេះ​ ហើយការសាកល្បងធ្វើឡើងក្រោយកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូជាមួយអាមេរិក បរាជ័យ ។ ការសាកល្បងខាងលើ ធ្វើឡើង ក្នុងពេលដែលមន្ត្រីជាន់ខ្ពស់ អាមេរិកនិងជប៉ុន កំពុងតែបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ដើម្បីពិភាក្សាស្តីពី​កូរ៉េខាងជើង ។

កាលពីថ្ងៃទី ៩ខែឧសភា  ប្រធានគណៈប្រតិភូអាមេរិក លោក​Biegun ជួបពិភាក្សាជាមួយសមភាគី​កូរ៉េខាងត្បូង លោក​ Lee Do Hoon ​ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស  Kang Kyung Wha និង​រដ្ឋមន្ត្រីឯកភាពជាតិ​ Kim Yeon Chul នៅថ្ងៃទី​១០ខែឧសភា ។

ពាក់ព័ន្ធនិងការបាញ់សាកល្បងមីស៊ីល ខាងលើ​​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ម៉ូនជេអ៊ីនបានបញ្ជាក់ថា​ ​ កូរ៉េខាងជើងប្រហែលជាបានបាញ់មីស៊ីលទាំងនេះ ព្រោះ តែ ការមិនពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន ដែលបានប្រព្រឹត្តទៅនៅក្រុងហាណូយ របស់វៀតណាម កាលពីចុងខែកុម្ភៈ ដោយពុំសម្រេចបាននូវកិច្ចព្រមព្រៀងអ្វីទាំងអស់។ និយាយរួម វាអាចជាចេតនារបស់កូរ៉េខាងជើង ដើម្បីដាក់សម្ពាធក៏ដូចជារុញច្រានកិច្ចចរចានុយក្លេអ៊ែរនេះឲ្យឆ្ពោះទៅរកទិសដៅដែលពួកគេចង់បាន និងដើម្បីជំរុញ ឲ្យមានការចរចាគ្នាឡើងវិញជាថ្មីក្នុងពេលឆាប់ៗ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កូរ៉េខាងជើងទើបតែបានបាញ់ធ្វើតេស្តប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្រ្តជាច្រើនផ្សេងទៀត ដែលទីក្រុងព្យុងយ៉ាងបានចេញមុខនិយាយការពារថា គឺគ្រាន់ជាការហាត់សមការពារខ្លួនជាទូទៅតែប៉ុណ្ណោះ។ យ៉ាងណាមិញ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងរយៈចម្ងាយខ្លីយ៉ាងតិចក៏មួយគ្រាប់ដែរ ត្រូវបានបាញ់នាពេលនោះ។

នៅពេលនេះស្ថានភាពទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង កាន់តែតានតឹង​ខ្លាំងឡើង ក្រោយពេល អាមេរិកចាប់នាវាដឹកទំនិញធុនធំរបស់កូរ៉េខាងជើងមួយគ្រឿង ដែលបានប្រើប្រាស់រំលោភច្បាប់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ ។ នេះជាលើកទីមួយហើយ ដែលអាមេរិកចាប់នាវាដឹកទំនិញកូរ៉េខាងជើង ចំពេលទំនាក់ទំនង រវាងប្រទេសទាំងពីរកំពុងតែមានភាពតានតឹងស្រាប់ផងនោះ ។ 

មន្ត្រីក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ថា «នាវាដឹកទំនិញ Wise Honest គឺជានាវាដឹកទំនិញធុនធំបំផុតលំដាប់ទីពីររបស់កូរ៉េខាងជើង ត្រូវបានចាប់ឃាត់ទុក កាលពីខែមេសា ឆ្នាំ២០១៨ ខណៈនាវានោះកំពុងនាវាចរទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ នៅពេលនេះ នាវានោះកំពុងស្ថិតនៅក្នុងដំណើរបញ្ជូនទៅកាន់ដែនកោះ Samoa សហរដ្ឋអាមេរិក។

មន្ត្រីអាមេរិកបានប្រកាសដូច្នេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល២គ្រាប់ ទៅកាន់ដែនសមុទ្រ ដែលគេសង្ស័យថា ជាមីស៊ីលរយៈចម្ងាយខ្លី។ នេះគឺជាការបាញ់មីស៊ីលធំ លើកទី២របស់កូរ៉េខាងជើង ក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ហើយវាអាចជាសញ្ញាថា ដោយសារតែខឹងនឹងបញ្ហាជាប់គាំង ចំពោះកិច្ចពិភាក្សាអាវុធនុយក្លេអ៊ែរផងដែរ។ មតិសាធារណៈបង្ហាញថា រឿងរ៉ាវនាវាដឹកទំនិញកូរ៉េខាងជើង ដែលកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អាមេរិកនេះ គឺកាន់តែបញ្ឆេះឲ្យមានស្ថានការណ៍តានតឹងបន្ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិក បានថ្លែងថា ការងារទាំងអស់នេះ មិនពាក់ព័ន្ធជាមួយនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនោះឡើយ។

មេធាវីក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ថា នាវាដឹកទំនិញកូរ៉េខាងជើងនេះ បានរំលោភបំពានច្បាប់អាមេរិក ។ គេថា ការធ្វើពាណិជ្ជកម្មធ្យូងថ្មនោះ គឺច្បាស់ណាស់បានផ្តល់ថវិកាដល់រដ្ឋាភិបាលឯកោកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល។ ជំនួយការអគ្គមេធាវី John Demers ដែលជាមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានថ្លែងថា «ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ បានហាមឃាត់នាវានេះ មិនឲ្យដំណើរការសេវាដឹកជញ្ជូនទំនិញនោះឡើយ»។

សូមបញ្ជាក់ថា នាវាដឹកទំនិញកូរ៉េខាងជើងនេះ មានប្រវែង១៧៧ម៉ែត្រ មានឈ្មោះ « Wise Honest» ត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនធ្យូងថ្មទៅកាន់កំពង់ផែនានា នៅក្នុងប្រទេសចិន, រុស្ស៊ី និងប្រទេសផ្សេងៗទៀត។ រីឯប្រាក់ចំណូលដែលរកបាន តាមរយៈនាវានេះ គឺបានផ្គត់ផ្គង់ដល់ប្រទេសដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែរ។ នាវាដឹកទំនិញមួយនេះ ក៏ដឹកត្រឡប់ទៅកូរ៉េខាងជើងវិញនូវគ្រឿងយន្តធុនធ្ងន់ផងដែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print