ខេត្តសៀមរាប: ខ្សែបញ្ជូនចរន្តអគ្គិសនីនៅលើបង្គោលភ្លើងដែលគេតរញ៉េរញ៉ៃដូចសំបុកពីងពាងបានឆ្លងចរន្ត បណ្តាលឲ្យឆាបឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១១ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលនិងសមត្ថកិច្ចប្រញាប់ចេញទៅធ្វើអន្តរាគមន៍ភ្លាមៗ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច រួមជាមួយបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងបញ្ចៀសចរាចរណ៍ ដើម្បីបង្ការកុំឲ្យ មានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ នឹងផ្តល់ព័ត៌មានទៅអង្គភាពអគ្គិសនី ឲ្យផ្តាច់ចរន្តអគ្គិសនី ជាបណ្តោះអាសន្នភ្លាមៗផងដែរ ។ បន្ទាប់មកមានរថយន្តបង្ការ និងពន្លត់ អគ្គិភ័យក្រុងសៀមរាបមួយគ្រឿងទៅដល់ បាញ់ទឹកឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃដដែល ដោយពុំបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។
ប្រភពដដែលបានឲ្យដឹងទៀតថា យ៉ាងណាចរន្តអគ្កីសនី នៅបរិវេណទីតាំងកើតហេតុនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីមន្ត្រីខាងអង្គភាពអគ្គិសនីសៀមរាប ធ្វើការពិនិត្យ និងជួសជុលតភ្ជាប់ឡើងវិញនៅរសៀលថ្ងៃនោះ៕