ខេត្តកណ្តាល៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុកព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសបានដឹកនាំកម្លាំងជំនាញចុះប្រជុំត្រួតពិនិត្យការងារជំនាញ និងវាយតម្លៃអំពីសភាពការណ៍បទល្មើសឧក្រិដ្ឋបានកើតឡើងជាបន្តបន្ទាប់ និងដើម្បីដាក់ផែនការឲ្យកម្លាំងជំនាញខិតខំយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចក្តោបយកព័ត៌មានឲ្យជុំដើម្បីឈានដល់ការបង្ក្រាបបទល្មើស ។
គួររំលឹកថា កន្លងមកបទល្មើសតែងតែបានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះការបង្ក្រាបនៅមានកម្រិត មិនទាន់បានឆ្លើយតបនៅឡើយ ទើបនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកសិក្ខាសាលាមួយដោយមានការចូលរួមឲ្យមានការចូលរួមពីបណ្តាមន្ត្រីកម្លាំងជំនាញមកពី២៥រាជធានី និងជំនាញពាក់ព័ន្ធ ដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករកអោយឃើញចំណុចប្រឈមនឹងគន្លឹះល្អៗ ដាក់ចេញជាផែនការលើផែនការ ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស អោយមានប្រសិទ្ធភាព។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ទោ ហុង វិណុល ក៏បានដឹកនាំកម្លាំងជំនាញចុះប្រជុំត្រួតពិនិត្យនៅខេត្តកំពក នឹងដាក់ចេញជាផែនការដើម្បីអនុវត្តដោយយមានការឯកភាពពីគណៈបញ្ជាការឯកភាពខេត្ត ដើម្បីឲ្យកម្លាំងយកទៅអនុវត្តលើផែនការក្តោបព័ត៌មាន ស្រាវជ្រាវ បង្ការ និងបង្ក្រាបបទល្មើស ។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ លោក ឧត្តមសេនីយ៍ ហុង វិណុល បន្តដឹកនាំកម្លាំងជំនាញចុះខេត្តកំពតម្តងទៀតធ្វើការផ្សព្វផ្សាយផែនការពង្រឹងសន្តិសុខ បង្ការ បង្ក្រាបបទល្មើសបានដល់កម្លាំងជំនាញយកទៅអនុវតតាមអង្គភាពដល់មូលដ្ឋាន។
បញ្ហាសន្តិសុខ សុវត្ថិភាពក្នុងសង្គម រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតដើម្បីធានាឲ្យបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគទុន ភ្ញៀវទេសចរណ៍បរទេស អង្គការទូតនេះជាដើម ។
លោកឧត្តមសេនីយ៍ទោ ហុង វិណុល តែងមានប្រសាសន៍ថា ចោរជាសត្រូវរបស់សមត្ថកិច្ចយើងទាំងអស់គ្នា ដែលត្រូវបង្ក្រាប មិនមែនសំដៅទៅលើសមត្ថកិច្ចណាមួយនោះទេ សំខាន់សមត្ថកិច្ចសហការគ្នា និងមានការចូលរួមពីប្រជាពលរដ្ឋដើម្បីផ្តលពីព័ត៌មាន អត្តសញ្ញាណជនល្មើសដើម្បីឈានដល់ការបង្ក្រាប ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕