ភ្នំពេញ៖ សម្រាប់ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ វគ្គទី២ដែលមានសមាសភាពកីឡាករ ៣២នាក់ មកពីតាមបណ្តាក្លិបនានា ទូទាំងប្រទេសកម្ពុជា តម្រូវលើកីឡាករវ័យក្មេង៤នាក់ គឺទី១- កីឡាករ គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ជួបជាមួយ ចាត ស៊ីចាន់ មកពីក្លិបអប់រំកាយនិងកីឡាខេត្តឧត្តរមានជ័យរីឯកីឡាករ ឯម សារ៉ាក់ មកពីក្លិបឫទ្ធីពោធិ៍សែនជ័យត្រូវ ប្រកួតជាមួយ សេន កុសល មកពីក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ដើម្បីសន្សំពិន្ទុឈានទៅដណ្ដើមពានរង្វាន់ TIFFY SUPER FIGHT វគ្គ២ ប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនទូរទស្សប៉ុស្តិ៍លេខ ៥ អារីណា ចាប់ពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០១៥ ។
អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជាទាំង៤នាក់នេះពួកគេមិនធ្លាប់ជួបប្រកួតគ្នាកន្លងទៅ ហើយកីឡាករ ដែលគេស្គាល់ថា ជាកីឡាករថ្មីជាងគេនោះគឺ សេន កុសល របស់ ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ។ ការប្រកួតនេះបានចែកចេញ ៤ ដំណាក់កាលនេះបើតាមរូបមន្តប្រកួតគឺដំណាក់ទី១-ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ប្រកួតជម្រុះទុក១៦នាក់ ហើយការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ក្នុងមួយទឹកមាន៣នាទី សម្រាក២នាទី ។ រីឯតម្លៃខ្លួនក្នុងដំណាក់កាលទី១អ្នកវាយឈ្នះទទួលបានថវិកា ចំនួន១៥០ដុល្លារ ចាញ់១០០ដុល្លារ ។
ដំណាក់កាលទី២ វគ្គសម្រាំងយកកីឡាករជើងខ្លាំង៨នាក់ក្នុងចំណោមអ្នកប្រដាល់១៦នាក់ ដែលមានរូបមន្តប្រកួតដូចដំណាក់កាលទី១ដែរ អ្នកដែលចាញ់ធ្លាក់ អ្នកវាយឈ្នះត្រូវឈរចាំ ហើយការប្រកួតមានត្រឹម៣ទឹកដដែលក្នុង ១ទឹកមាន៣នាទីប៉ុន្តែតម្លៃខ្លួនឡើងខ្ពស់ជាង ដំណាក់កាលទី១បន្តិច គឺកីឡាករដែលឈ្នះទទួលបានថវិកាចំនួន ២០០ដុល្លារ អ្នកចាញ់ទទួលបានថវិកាចំនួន១៥០ដុល្លារ។
សម្រាប់ ដំណាក់កាលទី៣ ដែលជាការប្រកួតសម្រាំងវគ្គ៨នាក់ចុងក្រោយដើម្បីឆ្លងទៅ ការប្រកួត វគ្គពាក់កណ្តាលផ្តាច់ គឺជម្រុះកីឡាករ៤ចេញបន្តទៀតដោយ តែទុក៤នាក់ប៉ុណ្ណោះទៅប្រកួតនៅ ដំណាក់កាលទី៤ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ហើយការប្រកួតក៏នៅបន្តដំណាក់កាលខាង លើដដែល គឹប្រកួត៣ទឹកក្នុង១ទឹកមាន៣នាទី សម្រាក២នាទី ។ ដំណាក់កាលទី៣វគ្គ៨នាក់មានតម្លៃខ្លួនរហូតដល់២៥០ដុល្លារសម្រាប់អ្នកឈ្នះ រីឯអ្នកចាញ់ទទួលបានថវិកាចំនួន២០០ដុល្លារ។
ចំណែកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អ្នកឈ្នះបានទទួលបានថវិកាចំនួន៣០០ដុល្លារ អ្នកចាញ់ទទួលបានថវិកាចំនួន២៥០ដុល្លារ ហើយ វគ្គផ្ដាច់ព្រ័ត្រ ម្ចាស់ជ័យលាភីលេខ១ទទួលបានប្រាក់រង្វាន់ចំនួន ៤ពាន់ដុល្លារ អមដោយពានរង្វាន់១ ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន២ពាន់ដុល្លារ ចំណាត់ ថ្នាក់លេខ៣ទទួលបានថវិកាចំនួន៧៥០ដុល្លារនិងចំណាត់ថ្នាក់លេខ៤ ទទួលបានថវិកាចំនួន៥០០ ដុល្លារ ៕
ដោយ៖ សារីម