ខេត្តកណ្តាល៖ សមមត្ថកិច្ចនគរបាលស្រុកកោះធំ ចេញល្បាតនៅពេលយប់ចាប់ខ្លួនបានមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដកហូតបានអាវុធ០១ដើម ,ថ្នាំញៀន២កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ២១B ត្រង់ចំណុចរោងលក់នំបញ្ចុកមួយកន្លែង ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៉ម ផ្លយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ សេត ប្រេះស្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ជនសង្ស័យទាំង២នាក់បច្ចុប្បន្នរស់នៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយឡែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ ខ្នា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកអធិការបានបន្តថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូត ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០២កញ្ចប់តូច ,ទូរសព្ទ័ដៃ០១គ្រឿងម៉ាកណូគា ,កាំបិតចុងស្រួចចំនួន០១ដើម ,កាបូបដាក់លុយចំនួន០១ ,ដែកកេះចំនួន០១និង កញ្ចប់បារីហ្វីនចំនួន០១កញ្ចប់ផងដែរ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តទៀតថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំបានចេញល្បាតក្នុងភូមិសាស្ត្រស្រុកកោះធំ តាមបណ្ដោយផ្លូវជាតិលេខ២១B ។ ពេលកំពុងល្បាតដល់ចំណុចរោងលក់នំបញ្ចុក ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ក៏បានជួបនិងមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន០៣នាក់អង្គុយក្នុងរោងលក់នំបញ្ចុក ។ ភ្លាមនោះកម្លាំងល្បាតបានចូលទៅសុំការត្រួតពិនិត្យ រកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ គ្រាដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនពេលសមត្ថកិច្ចទៅដល់ ៕
ដោយ៖ ស្អាងជ័យ