ភ្នំពេញ៖ កម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងដីឡូត៍អតីតសួនកំសាន្តកុមារ ក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោងជាង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ដោយមានកុងផ្លាកកេហើយមានស្នាខ្សែរិតក និងដុំថ្ម១ដុំយ៉ាងធំសង្កត់ពីលើសាកសព ដែលគេសង្ស័យថាជារឿងឃាតកម្ម ។
បើតាមប្រភពពត័មានពីកម្មករសំណង់ម្នាក់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ចាន់ធី អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម ។ អតីតកម្មករសំណង់ដែលត្រូវគេផ្អាកពីការងារអស់ប្រមាណជាង១ខែមកហើយ ពិព្រោះខ្លាចគ្រោះថ្នាក់នៅក្នុងមោ៉ងធ្វើការដោយសារគាត់ចេះតែផឹកស្រាស្រវឹងរាល់ថ្ងៃ បច្ចុប្បន្នស្នាក់នៅក្នុងរោងស្នាក់នៅរបស់កម្មករក្នុងដីឡូត៍អតីតសួនកំសាន្តកុមារ នៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពបន្តបានឲ្យដឹងថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះមានកម្មករជាច្រើននាក់បានធ្វើការរុះរើរោងក៏បានធំក្លិនស្អុយយ៉ាងខ្លាំងក៏បាននាំគ្នាស្វែងរក និងវែកតាមគុម្ពត្រែងមើលក៏ប្រទះឃើញជើងមនុស្សបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។ បន្ទាប់មកសពជនរងគ្រោះនៅលើខ្លួនមានកុងផ្លាកកេ ហើយខ្សែរិត.កនិងដុំថ្ម១ដុំយ៉ាងធំនៅពីលើ ដែលធ្វើឲ្យគេសង្ស័យថាជារឿងឃាតកម្ម ពិព្រោះជនរងគ្រោះស្លាប់ត្រូវដោយមានកុងផ្លាកកេសង្កត់ពីលើ ជាពិសេសដុំថ្មដ៏ធំ១ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលជនរងគ្រោះស្លាប់ប្រហែល១ខែ ជនរងគ្រោះត្រូវបានមេការសំណង់ផ្អាកការងារបណ្ដោះអាសន្នព្រោះខ្លាចមានគ្រោះថ្នាក់ពេលកំពុងធ្វើការដោយសារជនរងគ្រោះតែងតែផឹកស្រាស្រវឹងស្ទើរតែរាល់ថ្ងៃ ។ បន្ទាប់ពីផ្អាកការងារ ជនរងគ្រោះក៏ទៅស្នាក់នៅជាមួយកូនប្រសារដែលជាកម្មករសំណង់នៅក្នុងដីឡូត៍អតីតសួនកំសាន្តកុមារនេះដែរ ប៉ុន្តែដោយមានការថ្នាំងថ្នាក់គ្នាជាមួយកូនប្រសារជនរងគ្រោះក៏ចេញមកស្នាក់នៅក្នុងរោងស្នាក់ផ្សេងទៀតនៅដីឡូត៍អតីតសួនកំសាន្តកុមារដដែល តែ៣-៤ថ្ងៃនេះស្រាប់តែបាត់រូបគាត់ដោយមិនដឹងមូលហេតុ គេគ្រប់គ្នាឆ្ងល់ដែរ តែរវល់រៀងៗខ្លួនក៏ចេះតែហីៗទៅ ស្រាប់តែពេលនេះប្រទះឃើញសពគាត់ឡើងហើបស្អុយ ។
បន្ទាប់ពីធ្វើកោសល្យវិច័យរហូតមកដល់ម៉ោងជិត១០យប់រួចហើយសពត្រូវបានប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត ៕
ដោយ៖ ស រស្មី