ភ្នំពេញ៖ លោកសក្តិ៣ ហេង ហាប់ មន្ត្រីនៅនាយកដ្ឋានការពារព្រំដែនទឹក នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែឧសភា នេះ ពុំត្រូវបានទទួលទោសតាមផ្លូវច្បាប់ទេ ពាក់ព័ន្ធបទល្មើស“ចោរកម្ម” ក្រោមហេតុផលច្រឡំដៃយក IPad ប៉ុណ្ណោះ ។
បញ្ហានេះ មហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃការស្រាវជ្រាវនេះ ព្រោះតាមរយៈឃ្លីបវីដេអូ គឺ ឃើញពីចេតនាទុច្ចរិតច្បាស់ក្រឡែត ក្នុងសកម្មភាពលួចយករបស់គេ មកធ្វើជាកម្មសិទ្ធរបស់ខ្លួន ហើយវីដេអូឃ្លីបនេះ សូម្បីតែម្ចាស់IPad និយាយរៀបរាប់ពីសកម្មភាពជននេះ រកឱកាសលួច ចឹងលោកប៉ូលិសរូបនេះ ពិតជាបានធ្វើសកម្មភាពលួចយ៉ាងពិតប្រាកដ ។
ទោះបីយ៉ាងណា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងថា “បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលរូបនេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ”។
របាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ក្រសួងមហាផ្ទៃ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ “រស្មី សាមគ្គី”ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញ Facebook។
បទល្មើសលួច តាមមាត្រា៣៥៣និង៣៥៦នៃក្រមព្រហ្មទណ្ឌចែងថា“អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន”។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល ៕ ដោយ៖ ចេស្តា