ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្រសួងនឹងកោះប្រជុំជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្តនៅថ្ងៃទី២២ ខែធ្នូ ដើម្បីពិភាក្សាលើការអនុវត្តច្បាប់រវាងមន្ត្រីតុលាការ នឹងនគរបាលយុត្តិធម៌ ។ កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ។
នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ ក៏មានកិច្ចប្រជុំមួយផងដែររវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជាមួយនឹងព្រះរាជអាជ្ញានៃសាលាដំបូងរាជធានី ខេត្តទាំងអស់ ដើម្បីប្រមូលទិន្នន័យអំពីសំណុំរឿងពាក់ព័ន្ធនឹងអំពើលួច ឆក់ប្លន់ ក៏ដូចជាទណ្ឌិតដែលត្រូវដោះលែងចេញពីពន្ធនាគារ ។ មន្ត្រីនៅតាមសាលាដំបូងទាំងអស់ នឹងត្រូវចូលរួមប្រជុំនៅក្រសួងយុត្តិធម៌ដោយភ្ជាប់ជាមួយឯកសារដែលពាក់ព័ន្ធនឹងបញ្ហាបទល្មើស ។
កិច្ចប្រជុំធំមួយដែលនឹងត្រូវធ្វើនៅថ្ងៃទី២២ ខែធ្នូ នោះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នគរបាលជាតិផងដែរ ។ កិច្ចប្រជុំនេះត្រូវគេរំពឹងថា នឹងមានការពិភាក្សាវែកញែកអំពីមូលហេតុដែលនាំឲ្យមានអំពើឆក់ប្លន់កើនឡើង ដែលមន្ត្រីនគរបាលយល់ថា មួយផ្នែកធំដោយសារតែក្រុមចោរប្លន់ប្រដាប់អាវុធត្រូវបានស្ថាប័នតុលាការដោះលែង ។ កិច្ចប្រជុំនេះបានកើតឡើងក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យបញ្ជឺឈ្មោះទណ្ឌិតមួយចំនួនសម្រាប់ការលើកលែងទោស ។
ការកោះប្រជុំជាបន្តបន្ទាប់របស់ក្រសួងយុត្តិធម៌ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទបានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ ការស្នើឈ្មោះទណ្ឌិតមួយចំនួនសម្រាប់ការលើកលែងទោស ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ករណីពាក់ព័ន្ធនឹងការប្លន់ថ្មីៗនេះ គឺជាមុខសញ្ញានៃទណ្ឌិតដែលទើបចេញពីពន្ធនាគារ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា អំពើប្លន់ប្រដាប់អាវុធបានកក្រើកឡើងនៅរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ននិងវាយកម្ចាត់ក្រុមប្លន់ប្រដាប់អាវុធនិងក្រុមជួញដូរគ្រឿងញៀន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា តាមរបាយការណ៍ខ្លះឲ្យដឹងថា មុខសញ្ញានៃការប្លន់ជាមនុស្សដដែលៗដែលទើបចេញពីពន្ធនាគារ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញលើការលើកលែងទោសអ្នកជាប់ពន្ធនាគារពាក់ព័ន្ធនឹងការប្លន់និងគ្រឿងញៀន។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ “ហើយដែលតដៃជាមួយអាវុធហត្ថរាជធានីភ្នំពេញ ហើយអាវុធហត្ថបានកម្ទេចចោល គេហៅថា អាហ្នឹងការពារខ្លួន អាវុធហត្ថត្រូវតែការពារខ្លួន ពេលប្រតិបត្តិការ ហើយអាពីរនាក់ហ្នឹងមុខសញ្ញាដោះលែងពីគុក ទើបចេញពីគុក អញ្ចឹងទេ សូមឯកឧត្តមរដ្ឋមន្ត្រីយុត្តិធម៌ពិនិត្យពិច័យ អាអ្នកជាប់គុកដោយសារប្លន់និងអាអ្នកជាប់គុកដោយសារគ្រឿងញៀន កុំសូវដោះលែងពេក។ បើវាចេញមកប្លន់ដដែលៗ ចេញមកប្លន់ដដែល ហើយរបាយការណ៍ច្រើនកន្លែងណាស់” ៕
ដោយ៖ ហេង សូរិយា