ភ្នំពេញ៖ យ៉ាងហោចណាស់មានកុមារកំព្រា និងពិកាប្រមាណជិត៥០០នាក់មកពីអង្គការមូលនិធីកុមារកម្ពុជារបស់លោកស្កុតនីសិន និង អង្គការគ្រួសារថ្មីទទួលបានការទស្សនាភាពយន្តរឿង បូននីប៊ែរ(Boonie Bear)ដោ យឥតគិតថ្លៃ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយរោងភាពយន្តលេជេនរួមសហការជាមួយនឹងក្រុមហ៊ុនចែកចាយរឿង វេសថេច មីឌាលីមីធីតក្នុងឱកាសអបអរនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា។
ការចាក់បញ្ចាំងរឿងនេះបានធ្វើឡើងនៅរោងភាពយន្តលេជេនសាខា ស៊ីធីម៉ល នៅព្រឹកថ្ងៃទី១ មិថុនា២០១៩ នេះ។ ក្រៅពីការបញ្ចាំងរឿងនេះ រោងភាពយន្តលេជេនបានរៀបចំជាពោតលីង ទឹកតែហ្វុសធី (Fuse Tea) ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនកូកាកូឡាកម្ពុជា ក៏ដូចជាសម្ភារៈមួយចំនួនពីក្រុមហ៊ុនប្រព័ន្ធទូរសព្ទស្មាតជូនដល់ប្អូនៗកុមារកំព្រានិងប្អូនៗពិការ ទាំងអស់ផងដែរ។
ការបញ្ជាំងរឿងសប្បុរសធម៌នេះ គឺតែងតែធ្វើឡើងជាញឹកញាប់ដោយរោងភាពយន្តលេជេន សង្ឃឹមថា នេះជាការចូលរួមចំណែកដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ព្រំ បញ្ញាវ័ន្ត អ្នកគ្រប់គ្រងទីផ្សាររោងភាពយន្តលេជេន។ លោកបញ្ជាក់ថា នេះគឺជាសកម្មភាពជួយសង្គម ក្រៅ តែពីការជួយលើកកម្ពស់វិស័យភាពយន្តខ្មែរផងដែរ។ លោកថាសកម្មភាពសង្គមស្រដៀងគ្នានេះត្រូវបានរោងភាពយន្តរៀបចំឡើយយ៉ាងតិច៣ដងក្នុងមួយឆ្នាំ ហើយថ្ងៃទិវាកុមារអន្តរជាតិឆ្នាំនេះជាលើកទី៨ហើយដែលយើងរៀបចំធ្វើធំជាងថ្ងៃធម្មតា។
លោកថាគ្រាន់តែឃើញសកម្មភាពរីករាយរបស់កុមារដែលបានមកដល់ រោង ភាពយន្តផ្ទាល់គឺក៏ដឹងថាអារម្មណ៍របស់ពួកគាត់រំភើបប៉ុណ្ណា ខណៈដែលកុមារកំព្រាជាច្រើននៅមិនទាន់បានស្គាលការទស្សនាក្នុងរោងភាពយន្ត។ ក្រៅពីការទស្សនាក៏មានការផ្តល់ជូននូវអាហាភេសជ្ជៈសម្រាប់ការទទួលទានផងដែរ ហើយរោងភាពយន្តនឹងបន្តសកម្មភាពនៃការរៀបចំសម្រាប់កុមារដូចគ្នានេះនៅឆ្នាំបន្តទៀតផងដែរ ៕ ដោយ វឌ្ឍនា