ចោរអាជីព ! ឆក់ជាង១០០លើក បានទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ ត្រូវអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី៤ ខែមិថុនា នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេងយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ច បញ្ជាក់ថា ពួកគេទាំង២នាក់នេះ គឺជាមុខសញ្ញាធ្វើសកម្មភាពឆក់ដ៏សាហាវ ដែលអាចហៅថាជាចោរឆក់ “អាជីព” ដោយរូបគេទាំង២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនឆ្នាំ , ច្រើនរយលើក ហើយថែមទាំងធ្លាប់ឆក់បានសម្រេចជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លាផងដែរ។
ជនសង្ស័យទាំង២នាក់ ឈ្មោះ ស៊ុន ម៉េងស៊ឺ អាយុ១៦ឆ្នាំ និង ឈ្មោះ ហួត ឆៃណា ភេទប្រុស អាយុ១៦ឆ្នាំ ។
របាយការណ៍ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ពួកគេទាំង២នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រដេញតាមឃាត់ខ្លួនបានភ្លាមៗ ខណៈដែលរូបគេព្យាយាមជិះម៉ូតូ រត់គេចខ្លួនពីសមត្ថកិច្ច ក្រោយពេលដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២៣៖៥៨នាទី នៅចំណុចផ្លូវលេខ២១៤ កែង៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ក្រោមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង២នាក់ សារភាពឲ្យដឹងដូចៗគ្នា មុខចេញធ្វើសកម្មភាពឆក់ពួកគេបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិឈ្មោះ អាសង់តា នៅខណ្ឌឫស្សីកែវ ។ ក្រោយពេលផឹកស៊ីហើយពួកគេ បានបបួលគ្នា ដើររកឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ផ្កាឈូក លាយសផ្លាកលេខភ្នំពេញ 1AQ-9712។
លុះពេលជិះដល់ផ្លូវលេខ២១៤ មុខខារ៉ាអូខេ X2 ពួកគេឃើញជនជាតិចិនប្រហែល៦នាក់ និងមានយួរកាបូបជាប់ដៃ ជាឳកាសល្អ រូបគេទាំង២នាក់ បានជិះទៅក្បែរហើយ ឆក់យកកាបូបពីដៃជនរងគ្រោះបានសម្រេច តែត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញឃើញ បានប្រដេញតាមភ្លាមៗ ហើយពួកគេបានព្យាយាមជិះរត់គេចខ្លួនពីសមត្ថកិច្ច តែពុំអាចគេចខ្លួនរួចនោះទេ។
រូបគេទាំង២នាក់ ប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០១៩ ពួកគេធ្លាប់បានធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ចំនួន៥លើកមកហើយ។ លើកទី១ ឆក់បានទូរស័ព្ទដៃ១គ្រឿង ម៉ាក Oppo នៅមុខព្រះបរមរាជវាំង , លើកទី២ ឆក់បានទូរស័ព្ទដៃ១គ្រឿង ម៉ាក Iphone7 ពីជនជាតិចិន នៅម្តុំផ្សារកណ្តាល , លើកទី៣ ឆក់បានកាបូប របស់ជនជាតិចិន នៅម្តុំលុច្សសារី ផ្លូវ២១៤ កែង៦៣ , លើកទី៤ ឆក់មិនបានសម្រេច នៅម្តុំផ្សារកណ្តាល , លើកទី៥ ឆក់កាបូបជនជាតិបារាំង មិនបានសម្រេច។
រីឯឈ្មោះ ហួត ឆៃណា បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងឆ្នាំ២០១៥ ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច១៥០លើក ហើយភាគច្រើនរូបគេធ្វើសកម្មភាពឆក់ក្នុងភូមិសាស្រ្តខណ្ឌទួលគោក។ ក្នុងនោះ២លើក ដែលរូបគេចាំ គឺលើកទី១ ឆក់បានប្រាក់ ១៥,០០០ដុល្លាអាមេរិក ពីជនរងគ្រោះពីរនាក់ ជាប្តីប្រពន្ធ , លើកទី២ ឆក់បានទូរស័ព្ទដៃ១គ្រឿង នៅមុខវត្តសំរោងអណ្តែត ៕ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print