ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ត្រួតពិនិត្យទីតាំងរោងចក្រ Hoay Tak Garment Factory Co .Ltd ដែលបង្ករផ្សែងហុយធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅជិតខាង មានទីតាំងស្ថិតនៅបណ្តោយផ្លូវហាណូយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចុះពិនិត្យទីតាំងនេះមន្ត្រីជំនាញ និងអាជ្ញាធរចូលរួមមាន៖ ទីចាត់ការកាកសំណល់រាជធានី មន្ទីរបរិស្ថានរាជធានី ការិយាល័យអន្តរវិស័យខណ្ឌ ការិយាល័យឧហ្សាហកម្ម សិប្បកម្ម លោកចៅសង្កាត់រងគោកឃ្លាង។ នៅពេលចុះដល់ក្រុមការងារបានពិនិត្យឃើញថា ខាងរោងចក្របានកែប្រែតាមការណែនាំរបស់រដ្ឋបាលខណ្ឌ ពីការដុតកំទេចក្រណាត់បណ្តាលឲ្យមានផ្សែងខ្លាំង មកធ្វើការដុតអុសវិញ ដើម្បីយកចំហាយទឹកអ៊ុតខោអាវ។
ក្រុមការងារបានបានជួបជាមួយតំណាងរោងចក្រ និងធ្វើការណែនាំឲ្យកែប្រែហេតុប៉ះពាល់បរិស្ថាន ផ្សែង សំរាម និងប្រព័ន្ធសុវត្ថិភាព ទ្វារចេញចូល ជូនបងប្អូនកម្មករ ដោយទុករយៈពេល០២ខែ នឹងចុះពិនិត្យម្តងទៀត ចំណែកខាងរោងចក្របានទទួយកនូវចំណុចខាងលើដែលអាជ្ញាធរបានណែនាំ ៕