ភ្នំពេញ៖ ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនគួរសម នីតា វរវង្ស ក្រសោបបានតំណែងជាតួស្រីសំខាន់ៗជាច្រើនក្នុងភាពយន្តហើយក្នុងនោះសម្តែងជាតួកាចឆ្នាសឆ្នើមឈ្នានីគឺជាជំនាញ និងអ្វីដែលទស្សនិកជនតែងកោតសរសើរនាងមិនដាច់ពីមាត់។ ភាពយន្តភាគថ្មីរឿង” និស្ស័យស្នេហ៍នាងមនោរាហ៍”ដែលតារាស្រីរូបនេះចូលរួមសម្តែងនោះក៏ត្រូវបាននាងជឿជាក់ខ្លាំងថានឹងអាចទាក់ចិត្តមិត្តអ្នកគាំទ្រខ្លាំង ព្រោះតែកម្រិតនៃការសម្តែងជាតួឆ្នាសឆ្នើមក្នុងសាច់រឿងកាន់តែខ្ពស់។
ទើបនឹងបញ្ចប់ការចូលរួមសម្តែងក្នុងភាពយន្តភាគចំនួន២ បន្តបន្ទាប់គឺរឿង” និស្ស័យស្នេហ៍នាងមនោរាហ៍” និងរឿង”រៃប្តូទ្រនុំ” នីតា វរវង្ស ហាក់បញ្ចេញអារម្មណ៍មោទភាពភាពខ្លាំងនឹងស្នាដៃចុងក្រោយនេះ។ មោទនភាពព្រោះតែភាពយន្តទាំងនេះគឺនាងសម្តែងជាតួអង្គកាចឆ្នាសឆ្នើម ដែលជាតួមួយនាងពេញចិត្តខ្លាំងក្នុងការសម្តែង។ នាងថាស្ទើរគ្រប់រឿងនាងត្រូវបានផលិតករពេញចិត្តនឹងការសម្តែងបែបនេះ បើទោះបីជាការសម្តែងបែបតួសុភាពក៏នាងអាចសម្តែងបានល្អក៏ដោយ។
នាងថា”ផលិតករ និងទស្សនិកជនដែលគាំទ្រខ្ញុំពេញចិត្តនឹងការសម្តែងរបស់ខ្ញុំបែបតួកាចជាងតួស្លូតទើបមិនចង់ផ្លាស់ប្តូដើម្បីផ្គាប់ចិត្តពួកគាត់”។ នាងបញ្ជាក់ដែរថា ស្នាដៃថ្មីទាំងនេះនាងពេញចិត្តខ្លាំងពិសេសរឿងដែលត្រៀមចាក់បញ្ចាំងនៅទូរទស្សន៍ភីអិនអិនក្នុងពេលដ៏ខ្លីខាងមុខខណៈជាភាពយន្តបែបបុរាណដែលសម្រិតសម្រាំងក្នុងការផលិតរឿង”និស្ស័យស្នេហ៍នាងមនោរាហ៍” មានការចំណាយខ្ពស់ និងជាភាពយន្តបែបបុរាណ។ នាងថាក្នុងភាពយន្តនាងជាកូនស្រីសេដ្ឋីដែលតាមនិន្ទាជ្រក់ជ្រេញធ្វើបាបតួឯកស្រីនាងមនោរាហ៍ដែលសម្តែងដោយតារាស្រី ស៊ិន យូប៊ីន។
នាងថារឿងនេះនឹងធ្វើឲ្យទស្សនិកជនស្អប់លើតួអង្គនេះខ្លាំង ប៉ុន្តែនាងសង្ឃឹមថាស្អប់តែក្នុងរឿងប៉ុណ្ណោះ ព្រោះនៅខាងក្រៅនាងជាមនុស្សស្លូតបូតទេ។ តារាស្រីវ័យ២០ឆ្នាំរូបនេះបញ្ជាក់ថាមានភាពយន្តជាង១០រឿងហើយដែលនាងបានសម្តែងជាតួកាច់ឆ្នាសឆ្នើមហើយភាពយន្តដែលទទួលបានការគាំទ្រច្រើនកន្លងមកគឺរឿង”ភ្លើងស្នេហ៍ភ្លើងឬស្សា” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។
នាងរំពឹងដែរថា សម្រាប់ចុងឆ្នាំ២០១៩នាងនឹងទទួលបានការងារថ្មីៗ និងគាំទ្រកាន់តែច្រើនពីទស្សនិកជនតាមរយៈស្នាដៃសម្តែងក្នុងភាពយន្តភាគចំនួន២ចុងក្រោយនេះ៕ ដោយ វឌ្ឍនា