ខេត្តត្បូងឃ្មុំ ៖ រឿងផឹកស៊ីមានច្រើនយ៉ាង ខ្លះផឹកមិនហៅ ខ្លះផឹកក្លែមពាក្យសម្តី និងដូចករណីនេះ ផឹកស៊ីមិនព្រមជល់កែវ ទាំងនេះក្លាយជាទំនាស់រហូតបង្កហិង្សាកាប់បណ្តាលឲ្យភាគីគូទំនាស់របួស និងខ្លះរហូតស្លាប់កើតមានច្រើនរួចមកហើយដែរ ។
យ៉ាងណាជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ លុញ សុខឃី ភេទប្រុស កើតនៅឆ្នាំ១៩៩០ ជាតិខ្មែរ រស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីកើតហិង្សាបង្កឲ្យ មានមនុស្សរបួស កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដ្ឋបាលជាំតាម៉ៅ បង្ក្រាបឃាត់ខ្លួនភ្លាមៗ នៅចំណុចផ្ទះជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ វ៉ា ឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំ ជាមួយគ្នា បណ្ដាលឲ្យរងរបួសស្រាល នាថ្ងៃទី១៧ខែ មិថុនាឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា ឌី ពិតប្រាកដមែន ដោយសារតែខឹងផឹកស៊ីមិនព្រមជល់កែវ ។ បច្ចុប្បន្នជននេះបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី ៕ ដោយ ៖ វណ្ណៈ