អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងទេសចរណ៏ រៀបចំប្រារព្ធពិធីប្រណាំងស៊ីក្លូក្រោមប្រធានបទ អភិរក្សស៊ីក្លូដើម្បីទេសចរណ៍ 

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៏ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមជាអធិបតីភាព ក្នុងព្រឹត្ដិការណ៏ប្រណាំងស៊ីក្លូទេសចរណ៏ ឆ្នាំ២០១៩ ក្រោមប្រធានបទ អភិរក្សស៊ីក្លូដើម្បីទេសចរណ៍ ដែលមានស៊ីក្លូចូមរួមប្រណាំង ចំនួន១៣៦គ្រឿង ដែលមានចំងាយដី១គីឡូម៉ែត្រ ស្ថិតទីតាំង សួនច្បារព្រះបារមី ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ បានបញ្ជាក់ថា៖ ការប្រារព្ធពិធីប្រណាំងស៊ីក្លូព្រឹកនេះ ក្នុង គោល បំណង លើកកម្ពស់ បណ្តុះស្មារតីគាំទ្រ និងអភិរក្សស៊ីក្លូនៅកម្ពុជាយើង។ ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយដែលមិនប៉ះបាល់ដល់បរិស្ថាន (Green Transport) និងបម្រើដល់ ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជានៅទីក្រុងប៉ុណ្ណោះទេ តែថែមទាំងអាចដើរតួជាផលិតផលទេសចរណ៍មួយបែបផងដែរ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្តល់បទពិសោធន៍ថ្មីនៃទេសចរណ៍ទីក្រុង (Urban Tourism) តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច។

លោក បន្ដថា៖ ពិធីប្រណាំងស៊ីក្លូនេះជាលើកទីមួយ ដើម្បីលើកយកផលិតផលទេសចរណ៍មួយនេះមកបង្ហាញឡើងវិញ ជូនដល់មហាជន និងអ្នកសារពត៏មានជាច្រើន ជាមួយនឹងវត្តមានតារាសំដែងមួយចំនួនដែលបានតាក់តែងខ្លួនក្នុង ទស្សវត្តទី៦០ មកថតបង្ហាញ ព្រមជាមួយនឹងសកម្មភាពសប្បុរសធម៏ផងដែរ ដែលនេះគឺជាសកម្មភាពដ៏ទាក់ទាញដល់មហាជន សំដៅបណ្ដុះស្មារតីយុវជនអោយជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិបត្តិករទេសចរណ៍ ការីទេសចរណ៍អោយជួយផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរ និងដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូនៅក្នូងកញ្ចប់ទស្សនកិច្ច ខណៈដែលក្នុងក្របខណ្ឌប្រលងប្រណាំងទីក្រុងស្អាត គួរត្រូវបានយកចិត្តទុកដាក់អំពីវត្តមានរបស់ស៊ីក្លូនៅតាម បណ្តាទីក្រុង ដោយរៀបចំឲ្យមានស្តង់ដារស៊ីក្លូ រៀបចំឲ្យមានចំណតស៊ីក្លូ ឯកសណ្ឋានត្រឹមត្រូវ ការទទួលបដិសណ្ឋារកិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  នេះជាព្រឹត្តិការណ៍ ឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត គាំទ្រនិងចូលរួមអភិរក្ស ដល់អ្នកប្រកបរបរស៊ីក្លូ និងសមាគមស៊ីក្លូ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិរក្ស ត្រីចក្រយានកម្ពុជាស៊ីក្លូ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបាន បង្កើតនូវ( សមាគម មូលនីធិ ត្រីចក្រយាន ឬ មូលនីធិ ស៊ីក្លូ ) និងមានសម្តេចតេជោផ្ទាល់ជាប្រធានកិត្តិយស។

លោកបានប្ដថា៖ តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាល មូលនិធិ ស៊ីក្លូ ត្រូវបានបង្កើតឡើងតាមរយៈ ថវិកា សប្បុរសដែល បានទទួលការបរិច្ចាគ ពីសប្បុរសជននានា និង ពាណិជ្ជករ នៅក្នុង ប្រទេស ។ សមាជិក ជា អ្នកធ្លាក់ ស៊ីក្លូ ទាំងអស់ នឹង ទទួលបាន នូវ ផលប្រយោជន៍ រួមមាន ៖១ ,ប្រាក់ ជួល ស៊ីក្លូ ប្រចាំថ្ងៃ២០០០៛ ។ទី២, ប្រាក់ អាហារ ៥០០០ រៀលប្រចាំថ្ងៃ ។

ទី៣ សេវា ថែទាំ សុខភាព និង ព្យាបាល ដោយ ឥត គិត ថ្លៃ នៅតាម មន្ទីរពេទ្យ រដ្ឋ ដែល ផ្តល់ ដោយ មូល និធិ សមធម៌ ។ ទាំងនេះ ជាការលើកកម្ពស់គុណតម្លៃនៃការប្រើប្រាស់យានជំនិះបុរាណស៊ីក្លូ តាមរយៈការប្រែក្លាយស៊ីក្លូឲ្យទៅផលិតផលទេសចរណ៍មួយដ៏ទាក់ទាញពិសេសរបស់កម្ពុជា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ក៏ដូច ជាជំរុញលើកទឹកចិត្តដល់ការីទេស ចរណ៍ និងសាធារណជន  ឱ្យចូលរួមថែរ រក្សា អភិរក្សនិងប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលជាអត្តសញ្ញាណជាតិ និងមិនប៉ះពាល់ដល់បរិស្ថានមួយនេះបន្តរីកចំរើនឡើងវិញ ៕     ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print