ភ្នំពេញ៖ តំណាងអយ្យការនឹងសាកសួរ លោក ហេង សុវណ្ណារ៉ា ដែលបាញ់រះជាង១០គ្រាប់ប៉ងសម្លាប់ពលរដ្ឋ នាព្រឹកស្អែក ខណៈលេចឮដំណឹងរត់ការឲ្យរឿងនេះក្លាយជាករណីរាលកៃកាំភ្លើងព្រោះស្រា។
បើទោះជាកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនខ្លួនលោក ហេង សុវណ្ណារ៉ា ទៅតុលាការតាំងពីព្រលឹមថ្ងៃទី២៦ ខែមិថុនា នេះក្តី ក៏ប៉ុន្តែជនសង្ស័យមិនទាន់ត្រូវបាន តំណាងអយ្យការសាកសួរបានមួយម៉ាត់នៅឡើយទេ ពាក់ព័ន្ធករណី បាញ់រះប៉ុនប៉ងសម្លាប់អ្នកជិតខាងព្រោះរឿងគំនុំចាស់។
ប្រភពពីនគរបាល បានឲ្យដឹងថា ចំណាយពេញមួយថ្ងៃនេះ សំណុំរឿងរបស់ លោក ហេង សុវណ្ណារ៉ា ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ត្រូវគេបញ្ជូនទៅដល់បន្ទប់លោកព្រះរាជអាជ្ញារង ហេង ផេង ហើយប៉ុន្តែមិនទាន់បានសាកសួរនោះទេ ដោយរងចាំបន្តនីតិវិធីនាព្រឹកស្អែក។
ប្រភពបន្ថែមទៀតថា លោក ហេង សុវណ្ណារ៉ា ដែលជាមន្ត្រីអាប់យសព្រោះស្រា កើតជារឿងបាញ់ប្រហារប៉ងសម្លាប់ពលរដ្ឋស្លូតត្រង់ កំពុងមានអ្នកមុខអ្នកការ និងអ្នកមានស័ក្តិលើស្មាមួយចំនួន ជួយស្រោចស្រង់បំណងចង់ឲ្យរឿងនេះស្រាលជាងការជាក់ស្តែង ទាំងដឹងថា ជនសង្ស័យរូបនេះ បានប្រព្រឹត្តអំពើឧក្រិដ្ឋគួរជាទីស្អប់ខ្ពើមបំផុតក៏ដោយចុះ។
ជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា នៅពេលក្នុងខ្លួនអស់ជាតិស្រា បានប្រើមនុស្សឲ្យសុំជួបជនរងគ្រោះ ដើម្បីចរចាឲ្យទទួលយកសំណង បញ្ចប់រឿង។
ជាងនេះទៅទៀត ក៏មានប្រភពខ្លះអះអាងថា នៅពេលស្វាងស្រា លោក ហេង សុវណ្ណារ៉ា បានប្រាប់គេថា ស្រាជាអ្នកបាញ់អស់ជាច្រើនគ្រាប់ ចំណែករូបលោកគឺចង់បាញ់តែមួយគ្រាប់ប៉ុណ្ណោះ តែស្រានាំដៃឲ្យរាលកៃកើនដល់ ១១គ្រាប់ តែសំណាងសម្លាប់ជនរងគ្រោះ ដែលធ្លាប់មានគំនុំនោះមិនបានដូចបំណងរបស់ស្រា។
មហាជនកំពុងរងចាំមើលថា តើសំណុំរឿងនេះ នឹងត្រូវ ក្លាយជារឿងរាលកៃ ព្រោះស្រាបញ្ជាលោក ហេង សុវណ្ណារ៉ា ឲ្យបាញ់ឬយ៉ាងណា?
តើស្រាស្គាល់ផ្ទះជនរងគ្រោះ ដែលធ្លាប់ជាគូជម្លោះរបស់លោក ហេង សុវណ្ណារ៉ា ច្បាប់ជាងលោកជាមនុស្សមានបុណ្យ មានស័ក្តិ និងមានកាំភ្លើងទៅទៀត?
សូមជម្រាបថា ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីកណ្តាលយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការណ៍បាញ់បោះបង្កឡើងដោយជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា បានកើតឡើង នៅវេលាម៉ោង ម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ជនសង្ស័យ ត្រូវគេឃើញ បានបើករថយន្តម៉ាកហុីយ៉ាន់ ស្តារ៉ិចព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេតុ មើលទៅទំនងជាស្រវឹងផង។
បន្តិចក្រោយមក ជនសង្ស័យ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរងគ្រោះចំនួន ១១គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានព្យយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ៕