ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែននាយក រដ្ឋមន្រ្ដីកម្ពុជា បានផ្ញើសារជូនជនរួមជាតិជាទីគោរព ស្រឡាញ់ដែល មានខ្លឹមសារដូចតទៅនេះ ៖ ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់បងប្អូនជនរងគ្រោះដែលបណ្តាលមកពីការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុសប្បុរសជនបានបន្តចូលរួមដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃ២៧មិថុនានេះថវិកាបានកើនឡើងពី2,368,400$ដល់2,512,821$។
ដោយដក300,000$ចែកជូនអ្នករបួសថវិកានៅសល់កើនពី2,068,400$ដល់2,212,821$សម្រាប់ចែកជូនអ្នកស្លាប់ចំនួន២៨នាក់បានកើនឡើងពី73,870$ដល់79,001$សម្រាប់សពម្នាក់(នៅសល់៣២សេន)។ប្រសិនគិតទាំងព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការះព្រមទាំងថវិកាពីសំណាក់រដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាល កាកបាទក្រហមនិងសប្បុសជនចូលផ្ទាល់ផងអ្នកស្លាប់មួយនាក់ទទួលបាន
លើសពីជាង៩មុឺនដុល្លាឬជិត៤០០លានរៀលដែលជួយសម្រាលការលំបាកដល់ក្រុមគ្រួសារដែលនៅរស់។
ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់ខ្ញុំ។
សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពីសំណាក់ឯកឧត្តមយន្ត មីនត្រូវបានវាយតម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទីដែលខ្ញុំសូមថ្លែងអំណរគុណនិងផ្តល់នូវមេ ដាយមាសមួយគ្រឿងម្នាក់។
សម្រាប់ថវិកាខ្ញុំបានឧបត្ថម្ភម្នាក់100$ជាបុរសនិង200$ជានារីរួចហើយនិងបន្ថែមជូន100$ម្នាក់ទៀតទាំងបុរសនិងនារីនៅពេលទទួលមេដាយមាសនាពេលខាងមុខ។
ខ្ញុំសូមប្រកាសបញ្ឈប់ការទទួលជំនួយពីសប្បុរសជនចាប់ពីពេលនេះតទៅនិងសូមអរគុណជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលជួយឈឺឆ្អាលជាមួយជនរងគ្រោះ។
(ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕