ខេតកណ្តាល ៖ សាហាវមែន!! ប្រភពព័ត៌មានឲ្យដឹងថា ជនមិនស្គាល់មុខមួយក្រុម មានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង ដេញតាមវាយ និងកាប់បណ្តាលឲ្យយុវជន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់របួសធ្ងន់ នៅពេលពួកគេចេញពីកន្លែងផឹកស្រាក្រឡុក ។
ប្រភពបន្តថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ៖ ទី១-ឈ្មោះ ស្រ៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ (របួសស្រាល) , ទី២-ឈ្មោះ ធី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់) , ទី៣-ឈ្មោះ កោក ភេទប្រុស អាយុ១៩ឆ្នាំ (របួសធ្ងន់) និង អ្នកទាំង៣ មានទីលំនៅភូមិតាបេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយកើតហេតុបន្សល់ទុក វត្ថុតាងរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាកវ៉េវ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1V-5161 (កម្មសិទ្ធឈ្មោះ កោក) , ដាវ១ដើម ប្រវែង ។
យោងតាមប្រភពព័ត៌មានបញ្ជាក់ថា ជនសង្ស័យមានគ្នា២០នាក់ ប៉ុន្តែមិនស្គាល់អត្តសញ្ញាណឡើយ ប្រើម៉ូតូ១០គ្រឿងជាមធ្យោបាយធ្វើសកម្មភាព ក្នុងនោះគេចាំប្រភេទម៉ូតូម៉ាកនិចចំនួន២គ្រឿង ពណ៌សលាយទឹកក្រូច និងពណ៌សលាយខៀវ , ម៉ូតូម៉ាកឡែតចំនួន២គ្រឿង,និងម៉ូតូហុងដាឌ្រីមសង់ ពណ៌ក្រហម សេ៊រី២០១៩ ចំនួន១គ្រឿង, ក្រៅពីនោះមិនចាំម៉ាក ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបានគេចខ្លួនអស់ ។
ប្រភពពីសមត្ថកិច្ចដែលបានសួរជនរងគ្រោះឲ្យដឹងថា ពួកគេបាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុក នៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺតាខ្មៅ នៅពេលជិះមកដល់ស្តុបក្រពើហា ក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះដេញតាមរហូតដល់មុខវត្តព្រែកឬស្សី ជនរងគ្រោះក៏បត់មកស្តាំចូលតាមផ្លូវក្បែរសង្កាត់ព្រែកឬស្សី ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់និងរបងសាលាសង្កាត់ បណ្តាលឲ្យជនរគ្រោះឈ្មោះ ធី និងឈ្មោះ កោក ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ស្រ៊ន វិសាល បានរត់ចោលម៉ូតូ នៅសល់ជនរងគ្រោះ២នាក់ ក៏ត្រូវក្រុមជនល្មើសយកដាវសាម៉ូរៃកាប់លើក្បាល បណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ។ រីឯជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ រួចបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត។
ទោះយ៉ាងណា កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងបន្តកិច្ចការស្រាវជ្រាវ និងស៊ើបអង្កេតតាមចាប់ជនសង្ស័យដែលបានកាប់ប្រហារយ៉ាងសាហាវបណ្តាលឲ្យមនុស្សរបួសធ្ងន់មកផ្តន្ទាទោសតាមច្បាប់ ៕