ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងពីរនាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នាទៅបុកខៀនសួនច្បារចែកទ្រូងផ្លូវ ហេតុការណ៍នេះបង្កឲ្យមានការភា្ញក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខវិទ្យាល័យព្រែកលៀប ស្ថិតនៅក្នុងក្រុម១៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំងអស់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែបឹងថា អ្នករងគ្រោះទាំងអស់បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1Q-7768 ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនបីនាក់បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥តាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង បានបោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកម៉ូតូបានវ៉ារថយន្តកុងទ័រន័រ តែមិនផុតក៏ជ្រុលទៅបុកខឿនសួរច្បារពុះចែកទ្រូងផ្លូវ បណ្តាលអោយអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ហើយរថយន្តកុងទ័រន័របើកគេចទៅបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ រីឯសាកសព ត្រូវបានសមត្ថកិច្ចនគរបាលយកទៅតម្កល់ទុក នៅក្នុងវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប រងចាំសាច់ញ្ញាតិមកទទួលយក ។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ខាងលើនេះ គឺមិនមែនជាម្ចាស់ម៉ូតូពឹតប្រាកដទេ ដោយសារមានមា្ចស់លេខទូរស័ព្ទមា្នក់បានឲ្យប្រាប់ថា ខ្លួនបានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BQ7768នោះ ជាង២ខែមកហើយ ៕
ដោយ៖ ជ្រោយពេជ្រ