ភ្នំពេញ ៖ ថ្មីៗនេះមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី និងមូលនិធិបណ្ដាញសប្បុរសធម៌អាស៊ី(AVPN) ដែលជាបណ្ដាញម្ចាស់មូលនិធិមានការិយាល័យក្នុងប្រទេសសិង្ហបុរី និងមានការប្ថេជ្ញាចិត្តក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសរួមគ្នានូវម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងគំនិតច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយជាលើកដំបូងរបស់ខ្លួន។
ការប្រកួតប្រជែងនេះ គឺជាដំណាក់កាលដ៏សំខាន់នៃកម្មវិធីគំនិតច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយលើកដំបូង ក្នុងការលើកកម្ពស់សារៈសំខាន់នៃបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារ និងសង្រ្គោះអាយុជីវិត នៅមុនពេល កំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ (ឬ ហៅកាត់ថា «បច្ចេកវិទ្យាបង្កាគ្រោះមហន្តរាយ») ។បន្ទាប់ពីមានការប្រកាសស្វែងរកបេក្ខភាពពីទូទាំងពិភពលោកកាលពីដើមឆ្នាំនេះ ការប្រកួតជែងបានឈានដល់វគ្គបញ្ចប់ក្នុងព្រឹត្តិការផ្សាយផ្ទាល់មួយនៅប្រទេសសិង្ហបុរី ដែលមានបេក្ខជនចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥ រូបមកពីទូទាំងពិភពលោក ដែលរួមមានទាំងអង្គការស្វែងរកប្រាក់ចំណេញ និងអង្គការមិនស្វែងរកប្រាក់ចំណេញសម្រាប់គោលបំណងសង្គមនិង ដែលហៅកាត់ថា(SPOs) បានប្រកួតប្រជែងដោយផ្ទាល់ និងនៅចំពោះមុខក្រុមអ្នកជំនាញដែលជាគណៈកម្មការវិនិច្ឆ័យ។ ដោយមានការអនុវត្តគម្រោងមួយចំនួនក្នុងទីផ្សារដូចជា កម្ពុជា ឥណ្ឌូនេស៊ី នេប៉ាល់ បង់ក្លាដេស ហ្វីលីពីន និងតៃវ៉ាន់ បេក្ខជនទាំងនោះបានបង្ហាញពីរបៀបដែលពួកគេនឹងប្រើដំណោះស្រាយបច្ចេកវិទ្យាឱ្យបានច្រើនបំផុត សម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងស្ដាឡើងវិញក្រោយពីគ្រោះមហន្តរាយនៅក្នុងតំបន់។
អង្គការ FieldSight ទទួលបានចំណាត់ថ្នាក់ទីមួយ ជាមួយនឹងកម្មវិធីតាមទូរស័ព្ទរបស់ខ្លួន ដែលជួយគាំទ្រដល់សកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពេលមានគ្រោះមហន្តរាយកើតឡើង ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ ម៉ឺន ដុល្លារអាមេរិកសម្រាប់អនុវត្ត និងបង្កើនដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយ។
លោក Justin Henceroth នាយកអង្គការ FieldSight បានមានប្រសាសន៍ថា៖ «ជាអកុសល គ្រោះមហន្តរាយនៅជុំវិញពិភពលោកយើងកើតឡើងកាន់តែញឹកញាប់ និងមានទំហំកាន់តែធំជាងមុន ប៉ុន្តែដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយមានតួនាទីពិសេសដ៍កម្រមួយ ដែលជួយដល់សហគមន៍ក្នុងការឆ្លើយតប និងស្ដាឡើងវិញក្រោយពីគ្រោះមហន្តរាយទាំងនេះកើតឡើង។ យើងដាក់ឱ្យដំណើរកម្មវិធីរបស់យើងជាលើកដំបូងនៅក្នុងប្រទេសនេប៉ាល់បន្ទាប់ពីមានការបំផ្លិចបំផ្លាញពីការរញ្ជួយដីនៅឆ្នាំ ២០១៥ ប៉ុន្តែចាប់តាំងពីពេលនោះមក យើងបានបន្តប្រើប្រាស់កម្មវិធីនេះនៅតាមទីតាំងជាងចំនួន ៦០,០០០កន្លែង ដែលមាននៅក្នុងទីផ្សារចំនួន ១៦ ដើម្បីតាមដាននិងត្រួតពិនិត្យលើដំណើរការធានាគុណភាពលើសកម្មភាពមនុស្សធម៌និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពីមានគ្រោះធម្មជាតិ។ កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយនេះ បានធ្វើឱ្យអង្គការយើងមានបណ្ដាញទាក់ទងច្រើនជាងមុន ក៏ដូចជាអ្នកឯកទេសបច្ចេកវិទ្យា និងការគាំទ្រថវិកា ដែលយើងមិនធ្លាប់មានពីមុនមក។ ហើយវាមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ FieldSight សំដៅយ៉ាងណាកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក។»
លោក Donald Kanak ប្រធានមូលនិធិព្រូដិនស៍ បានមានប្រសាសន៍ថា៖ «ការរីកចម្រើនផ្នែកបច្ចេកវិទ្យា មិនត្រឹមតែបង្កើនទំនាក់ទំនងរវាងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងបម្រើគោលបំណងចម្បងក្នុងការការពារ និងសង្គ្រោះជីវិត ទៀតផង។ យើងជឿជាក់ថាបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតបង្កើតឡើងដោយបេក្ខជនជ័យលាភីរបស់យើង នឹងជួយដល់សហគមន៍នៅក្នុងតំបន់អាស៊ី ក្នុងការត្រៀមខ្លួនបានកាន់តែល្អប្រសើរ និងស្ដាឡើងវិញកាន់តែឆាប់រហ័សជាងមុន បន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលពីគ្រោះមហន្តរាយធម្មជាតិនានា។ យើងសូមថ្លែងអំណរគុណដល់ដៃគូរបស់យើងទាំងអស់ ដែលបានគាំទ្រដល់កម្មវិធីប្រកួតប្រជែងនេះ ហើយយើងនឹងធ្វើការជាមួយអង្គការជាច្រើនទៀត សំដៅយ៉ាងណាឱ្យសហគមន៍របស់យើង កាន់តែមានសុវត្ថិភាព និងភាពធន់មាំជាងមុនបន្ថែមទៀត»៕ ដោយ វឌ្ឍនា