ដើម្បីសម្រួល និងទទួលខុសត្រូវចំពោះគ្រួសាជនរងគ្រោះដោយគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ Boeing 737MAX ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង បានសម្រេចចំណាយថវិកាចំនួន១០០លានដុល្លារអាមេរិក ដើម្បី សងសំណងដល់គ្រួសារជនរងគ្រោះទាំង៣៤៦នាក់ ដែលបានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ យន្ត ហោះ Boeing 737MAX ចំនួនពីរលើកផ្សេងគ្នា នៅក្នុងប្រទេស អេធ្យូពី កាលពីអំឡុងឆ្នាំ២០១៩ និងការធ្លាក់យន្ដហោះ Lion Air របស់ឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ២០១៨ ។
នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុនប៊ូអ៊ីង (Boeing) បានបញ្ជាក់ថា ទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក នេះ នឹងត្រូវចំណាយជួយដល់គ្រួសារជនរងគ្រោះ និងផ្តល់សំណង រហូតដល់ដំណាច់ ឆ្នាំ២០១៩នេះ។
លោក Dennis Muilenburg អគ្គនាយកក្រុមហ៊ុន Boeing បានលើកឡើង នៅក្នុងពិធីប្រកាសនោះថា ចំនួនទឹកប្រាក់ ត្រូវសងដល់គ្រួសារជនរងគ្រោះ កាលពីថ្ងៃទី៣ ខែកក្កដា នេះ «យើងខ្ញុំពិតជាសោកស្តាយចំពោះការស្លាប់ ដោយគ្រោះថ្នាក់ទាំងពីរលើកខាងលើនេះខ្លាំងណាស់។ ដូច្នេះ សាចញាតិ និងក្រុមគ្រួសារជនរងគ្រោះ សូមមេត្តា អធ្យាស្រ័យ និងយោគយល់ដល់យើងខ្ញុំផង»។
សារព័ត៌មាន Bloomberg បានផ្សាយថា នេះជាការប្រឈមមុខយ៉ាងធំបំផុតរបស់ក្រុមហ៊ុនប៊ូអ៊ីង ក្នុងរយៈពេល១០៣ឆ្នាំកន្លងមក។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនទទួលបានពាក្យបណ្តឹង ពីសាច់ញាតិ រហូតដល់ទៅជាង៨០ហើយ ក៏ដូចជា បណ្តាក្រុមហ៊ុនអាកាសចរណ៍នានា ដោយសារតែការខាតបង់ ក្រោយផ្អាកជើងហោះ ហើរប្រភេទយន្តហោះខាងលើ។ បើតាមការវាយតម្លៃ ក្រុមហ៊ុនប៊ូអ៊ីងនឹងត្រូវខាតបង់យ៉ាងតិច១ពាន់លានដុល្លារ ក្នុងការដោះស្រាយនូវពាក្យបណ្តឹងទាំងនោះ ៕