ស៊ូ ដាណេ បើករបររកស៊ីកុំពឹងតែការជួយទិញរបស់អ្នកស្គាល់គ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាពហុជំនាញ កញ្ញា ស៊ូ ដាណេ បានបញ្ចេញបទពិសោធន៍មួយចំនួនជុំវិញការប្រកបរបទទួលទាននានាថា កុំពឹងអាស្រ័យលើការជួយទិញរបស់អ្នកស្គាល់គ្នា គឺត្រូវពឹងលើគុណភាព និងសេវាកម្ម។ ការបញ្ជាក់​នេះធ្វើឡើងក្រោយពីនាងបរាជ័យមុខជំនួញកន្លងមក និងបន្ទាប់ពីនាងកំពុងកាក់កបនឹងរបរលក់អាហារពេលព្រឹកមានបាយគុយទាវ កាហ្វេជាដើម។

ស៊ូ ដាណេ ធ្លាប់បរាជន័យក្នុងការបើកហាង​លក់អាហារ​បែបបរទេសមួយនៅផ្លូវត្រសក់ផ្អែម ដោយខាតដើមទុនមិនតិចទេ។ ក្រោយបរាជន័យមុខរបរនេះនាងក៏មិនបានបោះបង់ការចិញ្ចឹមចិត្តក្នុងការបើកហាងលក់ដូរចំណីអាហារនោះឡើយ គឺនាងបានចាប់ផ្តើមដំណើរហាងគុយទាវ បាយ កាហ្វេមួយនៅជិតអគារបុរីកីឡានាសង្កាត់វាលវង់ខណ្ឌ៧មករា។ របរថ្មីនេះហាក់បង្ហាញពីភាពនឹងនរខ្លាំងជាមុខជំនួញមុនដែលនាងបញ្ជាក់ថាបរាជ័យព្រោះមិនបានគិតគ្រប់ជ្រុងជ្រោយនឹងដាក់ក្តីរំពឹងខ្ពស់ទៅលើការជួយមកទិញរបស់អ្នកស្គាល់គ្នាច្រើន។ ការបញ្ជាក់នេះក៏ទន្ទឹមគ្នានឹងការបាត់មុខមិត្តរួមអាជីព អ្នករាប់អានគ្នាជិតដិតមួយចំនួន មិនដែលបង្ហាញមុខក្នុងការជួយទិញទទួលទាន ដែលធ្វើឲ្យនាងយល់កាន់តែច្បាស់ថា ការលក់ដូររបស់នាងត្រូវពឹងផ្អែកខ្លាំងលើអតិថិជនដែលមិនស្គាល់រាប់អានគ្នាពីមុនមក។ ក្រៅពីការបញ្ជាក់នេះ នាងក៏បានរំលឹកអំពីសិល្បកររួមអាជីពដែលមានមួយចំនួនជាអ្នកលក់ផលិតផលតាមអនឡាញ និងសេវាកម្មផ្សេងៗដែលកន្លងមកនាងបានជួយទិញ និងប្រើប្រាស់នោះក៏មិនបានលេចមុខមកជួយទទួលទានអាហារនៅក្នុងហាងថ្មីរបស់នាងដែរ។ ថ្លែងហាក់ឆ្ងល់ផង អន់ចិត្តខ្លះៗផង តារាស្រីរូបនេះលើកឡើងថា មុខរបរដែលអាចដើរទៅមុខបានរាល់ថ្ងៃមិនពឹងអាស្រ័យលើការជួយទិញរបស់អ្នកស្គាល់គ្នាទេ គឺពឹងលើម៉ូយ(អតិថិជនប្រចាំ) ប៉ុណ្ណោះ។ នាងថាថ្វីត្បិតតែជាអ្នកសិល្បៈស្គាល់សិល្បករ និងអ្នកគាំទ្រច្រើនប៉ុន្តែអ្វីដែលសំខាន់ គឺផលិតផល ហើយអ្វីដែលហាងនាងចាំបាច់មាននោះគឺរសជាតិ អនាម័យ និងសេវាកម្មល្អ។ទោះជាយ៉ាងណានាងក៏ចង់បានការលើកទឹកចិត្តខ្លះៗពីមិត្តរួមអាជីព ពិសេសចង់ឲ្យពួកគេមកភ្លក់តែម្តងក៏អស់ចិត្ត។ តារាស្រីរូបនេះបញ្ជាក់ថា ការងារសិល្បៈពិសេសការច្រៀងនាងនៅតែបំពេញជារៀងរាល់ថ្ងៃ ដោយបន្ថែមលើការសិក្សានិពន្ធរឿងបន្ថែម ស្របពេលដែលការរកសទទួលទានលើអាហាដ្ឋាននេះក៏ហាក់បង្ហាញពីភាពនឹងនរច្រើន មិនមានការព្រួយបារម្ភ បើទោះបីជាចំណូលមិនច្រើនក្រាស់ក្រែលក៏ដោយ។
គួរបញ្ជាក់ដែរថា តារាសម្តែង ចម្រៀង អ្នករបាំ និងល្ខោនបាសាក់ ស៊ូ ដាណេ បានចាប់ផ្តើមបើកមុខរបរលក់ គុយទាវរសជាតិដើមមានឈ្មោះល្បីយីយោការ៉េ៣នៅផ្លូវ១៣៨ជិតតំបន់បុរីកីឡាចាប់តាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ។ ទោះជាជំនួញហាក់មានពន្លឺខ្លះ ប៉ុន្តែនាងនៅតែបន្តការងារសិល្បៈនានាដដែល៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print