ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកទេសរដ្ឋមន្រ្តី បានប្រាប់ថាក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនេះ មានឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ត្រូវបាន ACU ឃាត់ខ្លួន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីស្រាវជ្រាវដឹងពាក់ព័ន្ធលើសំណុំពុករលួយមួយ ។
យ៉ាងណា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនបានបញ្ជាក់លម្អិតករណី អំពើពុករលួយ លើសំណុំរឿងអ្វីដែលនាំឱ្យមានការឃាត់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ខាងលើនេះនៅឡើយទេ៕
...