ពលរដ្ឋឥណ្ឌូនេស៊ីបារម្ភយ៉ាងខ្លាំងពីការរញ្ជួយដី

ចែករំលែក៖

ប្រទេសឥណ្ឌូនេសុី៖ កាលពីថ្ងៃទី​៧ខែកក្កដា មានការរញ្ជួយដីកម្លាំងខ្លាំង ៦.៩រ៉ិចទ័រ​ នៅប្រទេសឥណ្ឌូនេស៊ី មានចេញព្រមានពីរលកយក្សស៊ូណាមិ ធ្វើឲ្យពលរដ្ឋបារម្ភយ៉ាងខ្លាំង​។

ហេតុការរញ្ជួយដីកើតឡើង​ ​​កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅដែនកោះ Maluku របស់ប្រទេសឥណ្ឌូនេស៊ី ការរញ្ជួយដី​កម្លាំងខ្លាំង​ មានកម្រិត៦.៩រ៉ិចទ័រ​ ។ មន្ត្រីផ្នែកពាក់ព័ន្ធបានចេញព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែ​ក្រោយមក​ ក៏បានប្រកាស​ដក​សេចក្តីព្រមាននោះវិញ ។

ភ្នាក់ងារវាស់ស្ទង់​អំពីការរំញ័រ និងភូមិសាស្ត្រ​អាមេរិក USGS បានបញ្ជាក់ថា ការរញ្ជួយដី​នេះ ស្ថិតនៅចំណុចកណ្តាល ភាគអាគ្នេយ៍ ទីក្រុង Manado ក្នុងជម្រៅ​ប្រហែល​២៤គីឡូម៉ែត្រ ។ក្នុងសេចក្តីថ្លែងការណ៍​របស់ BMKG (ភ្នាក់ងារឧតុនិយម ភូមិសាស្ត្រ និងអាកាសធាតុឥណ្ឌូនេស៊ី) បញ្ជាក់ថា «ការព្រមានអំពីរលកយក្សស៊ូណាមិ​ថ្មីៗនេះ គឺត្រូវបានបញ្ចប់ហើយ»។ ការរញ្ជួយដីនេះ បាននាំឲ្យភ័យស្លន់ស្លោរ​ដល់ប្រជាជនរស់នៅទីក្រុង Ternate ដែនកោះ Maluku ផងដែរ ។ ពួកគេបានរត់​ទៅ​កាន់ទីកន្លែងទួលខ្ពស់ៗ ។

របាយការណ៍អំពីគ្រោះថ្នាក់ ឬខូចខាតដោយសារ​តែការរញ្ជួយដីនៅគ្រានេះ មិនទាន់ត្រូវបានគេចេញផ្សាយនៅឡើយ ។

គួរបញ្ជាក់ថា ក្រុមជំនាញបានលើកឡើងថា គ្រោះធម្មជាតិ​តែងតែកើតឡើង​នៅ​ឥណ្ឌូនេស៊ី​ញឹកញាប់ បើមិនមានគ្រោះទឹកជំនន់ទេ ក៏គ្រោះរញ្ជួយដី, ផ្ទុះភ្នំភ្លើង​ ជាដើម ដោយសារតែប្រទេសនេះ​បានស្ថិតនៅចំណុច​ខ្សែក្រវាត់ភ្លើងផែនដី ។

គេនៅចាំបានថា កាលពីឆ្នាំ២០០៤ ការរញ្ជួយដីកម្រិត​៩.១រ៉ិចទ័រ​វាយប្រហារ​នៅឈូងសមុទ្រ Sumatra បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្ស ២២០.០០០នាក់ នៅទូទាំងតំបន់ ។កាលពីឆ្នាំ២០១៨ ការរញ្ជួយដី​៧.៥រីចទ័រ​បានកើតឡើង​ និងបង្កឲ្យមានរលកយក្សស៊ូណាមិបន្តបន្តាប់​នៅតំបន់ ​Palu ដែនកោះ Sulawesi សម្លាប់មនុស្សជាង​២២០០នាក់ និង​ប្រហែល​១០០០នាក់ផ្សេងទៀត​នៅបាត់ខ្លួនរហូតដល់សព្វថ្ងៃ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print