ខេត្តកណ្តាល ៖ នារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈកំពុងនិយាយទូរស័ព្ទជាមួយប្តីរបស់ខ្លួន ស្រាប់តែយុវជនសង្ស័យម្នាក់ចូលមកសួរ រួចក៏ចាប់ផ្ដួលអោបថើបធ្វើឲ្យនារីរងគ្រោះភ័យប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។
ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងចក្រ VYJ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រាក់ ប៊ុនថន ហៅទី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាពេជ ឃុំឈ្វាង ស្រុកពញ្ញាឮ ។ ចំណែកនារីរងគ្រោះ មានឈ្មោះស.ស.ព អាយុ១៥ឆ្នាំ មុខរបរកម្មការីនីរោងចក្ររស់នៅនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ។ បច្ចុប្បន្នអ្នកអ្នកទាំង២ ធ្វើការរោងចក្រ VYJ ជាមួយគ្នា។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នារីរងគ្រោះ និងជនសង្ស័យ បានសម្រាកពីធ្វើការហូបបាយ រួចក៏ចូលក្នុងរោងចក្រវិញ ពេលនោះជនសង្ស័យឃើញនារីរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅលើបាឡែត ភ្លាមនោះជនសង្ស័យក៏ដើរមកសួរនារីរងគ្រោះថា តើនិយាយទូរស័ព្ទជាមួយនរណាគេ? នារីរងគ្រោះក៏ឆ្លើយតបវិញថា “និយាយទូរស័ព្ទជាមួយប្តី” ភ្លាមនោះស្រាប់តែជនសង្ស័យបានលូកដៃយកទូរស័ព្ទពីនារីរងគ្រោះ រួចផ្តេកខ្លួនបន្តិច ហើយក៏ចាប់ឱបថើបតែម្តង។
ក្រោយពីរឿងហេតុកើតឡើង នារីរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរួច សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកម្លាំងជំនាញបន្តចាត់ការតាមនីតីវិធី ៕
...