ខេត្តសៀមរាប៖ បុរសស្រវឹងខួបម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិនធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីរូបគេផឹកស្រវឹងរួចខឹងប្រពន្ធក៏ទាញកាំបិតខ្វែងរត់មកកាប់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងថ្លុកឈាម ប៉ុន្ដែសំណាងល្អបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង ៣០នាទីថ្ងៃទី១៩នៅក្នុងក្រុមហ៊ុនចំការកៅស៊ូសំរោងរ៉ាមប័រ ភូមិអណ្តូងចាន់ឃុំស្រែណូយស្រុកវ៉ារិន។
លោកវរសេនីយ៍ទោណុបសារ៉ាក់អធិការនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា បុរសជាជនសង្ស័យ ជាប្តីឈ្មោះ ហាត រស់ ហៅឆន មុត អាយុ ៥៤ ឆ្នាំ មុខរបរកម្មករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
លោកបន្តថា ជនសង្ស័យ បានកាប់ប្រពន្ធឈ្មោះ ផៃ អិត អាយុ៤៨ ត្រូវរបួសក្រោមចង្កាឆ្វេង១លើកញ្ចឹងក ឆ្វេង១របួសធ្ងន់ ដោយសារជនសង្ស័យ ស្រវឹងស្រាហើយខឹងប្រពន្ធក៏ទាញកាំបិតខ្វែវកាប់ប្រពន្ធទាំងកំរោលរួចក៏បានអ្នកឃតខាងមកប្តឹងសមត្ថកិច្ចតែម្តង។លោកបានបន្ដថា៖បន្ទាប់ពីធ្វើសកម្មភាពហើយត្រូវបានឃាត់ខ្លួនភ្លាមៗ និងដកហូតវត្ថុតាងកាំបិតខ្វែវដងដែកមួយដើម។
សមត្ថកិច្ចបានកសាងរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់រីឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីទាន់ពេល ៕
ដោយ៖ ជានិរន្ដរ៍