នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងាររបស់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖ នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អែលឌីន ហ៊ូសានីប៊ីន ម៉ូត ហាសុីម (ELDEEN Husainibin Mohd Hashim) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។

នាឱកាសនៃពិធីសំណេះសំណាល លោក អគ្គមេបញ្ជាការ បានលើកឡើងអំពីស្ថានភាពទូទៅនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក វង្ស ពិសេន ស្នើឱ្យបន្តផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងរួមសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។

លោក អគ្គមេបញ្ជាការ បានបន្តថ្លែងថា សូមឱ្យប្រទេសយើងទាំងពីរ កម្ពុជា និងម៉ាឡេស៊ី បន្តទំនាក់ទំនង និងសហប្រតិបត្តិការល្អនិងគ្នា និងមានការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់ រហូតដល់ប្រតិភូថ្នាក់ជំនាញ។

លោក អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំនូមពរឱ្យប្រទេសម៉ាឡេស៊ីបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

នៅចុងបញ្ចប់នៃពិធី លោក អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print