ក្រុមហ៊ូធីនៅក្នុងប្រទេសយ៉េម៉ែន ដែលជាសត្រូវរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារទៅលើអាកាសយានដ្ឋាន អន្តរជាតិ Abha ដើម្បីសងសឹកនិងការវាយប្រហារពីកម្លាំងទាហាន អារ៉ាប់ទៅលើទីតាំង នៅយេម៉ែន។
ប្រភពខាងលើ បានបង្ហាញផងដែរថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើង នៅស្ថានីយ៍ ថាមពល Tihama ។ បើទោះជាសេចក្តីរាយការណ៍ដំបូង បញ្ជាក់ថា ការចរាចរណ៍របស់អាកាសចរណ៍មកដល់អាកាសយានដ្ឋានខាងលើនេះ ត្រូវបានផ្អាកក៏ដោយ ក៏ទូរទស្សន៍ Al-Arabiya TV បានផ្សាយថា ការចរាចរណ៍ផ្លូវអាកាសគឺនៅតែបន្តប្រតិបត្តិការដូចធម្មតា ក្រោយពីយន្តហោះឌ្រូន របស់ពួក Houthi ដែលដាក់ពង្រាយ ដើម្បីវាយប្រហារនោះ ហើយដ្រូនទាំងនោះត្រូវបានស្ទាក់ចាប់បានអស់ហើយ ។ សេចក្តីថ្លែងការណ៍មួយរបស់កងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត អះអាងថា «យន្តហោះឌ្រូនទាំងនោះ មិនអាចសម្រេចគោលដៅរបស់ពួកគេបានទេ» ។
អ្នកនាំពាក្យរបស់ក្រុម Houthi បានអះអាងថា យន្តហោះឌ្រូនរបស់ពួកគេ បានវាយប្រហារគោលដៅទីតាំងយោធារបស់ក្រុមអារ៉ាប៊ីសាអ៊ូឌីត ។
សូមបញ្ជាក់ថា កាលពី២ថ្ងៃកន្លងមកនេះ មានការវាយប្រហារតាមអាកាស ដោយយន្តហោះឌ្រូនផងដែរ ស្ថិតនៅលើអាកាសយានដ្ឋាន ក្នុងតំបន់ Jizan នាភាគខាងត្បូងរបស់អារ៉ាប៊ីសាអ៊ូឌីត ។ អ្នកនាំពាក្យរបស់ចលនា Houthi បានអះអាងថា ពួកគេនឹងបន្តប្រតិបត្តិវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត នៅពេលអនាគត ទៅលើទីតាំងរបស់អារ៉ាប៊ីសាអ៊ូឌីត ។
គួររំឭកថា អារ៉ាប៊ីសាអ៊ូឌីត បានចូលខ្លួននៅក្នុងសង្គ្រាមយេមែន តាំងពីឆ្នាំ២០១៥ ។ រហូតមកដល់ពេលនេះ សមរភូមិប្រយុទ្ធនៅតែកើតមាន រវាងក្រុមសកម្មប្រយុទ្ធ Houthi នៅប្រទេសយេមែន ជាមួយនឹងកងកម្លាំងសម្ពន្ធមិត្តដឹកនាំ ដោយអារ៉ាប៊ីសាអ៊ូឌីត។ អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា អំពើហិង្សា នៅក្នុងប្រទេសយេមែន គឺជាវិបត្តិផ្នែកមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ។ ជាក់ស្តែងប្រជាជនយេមែន ប្រហែល២៤លាននាក់ ត្រូវការជំនួយមនុស្សធម៌ ៕