ខេត្តស្វាយរៀង៖ កម្មករកម្មការិនីចំនួន៥៨នាក់ ស្រី ៣៦ នាក់ មកពីតំបន់សេដ្ឋកិច្ចពិសេសតាយសេង ដែលសមត្ថកិច្ច ឃាត់មកសាកសួរនៅស្នងការដ្ឋាននគបាលខេត្តនោះត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ បន្ទាប់ពីអប់រំណែនាំរួចមក កាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥។
យោងតាមសមត្ថកិច្ចនគបាលខេត្តស្វាយរៀងបានអោយដឹងថា ការឃាត់ខ្លួនជាង៥០នាក់នេះបានធ្វើឡើងបន្ទាប់ពីមានបាតុកម្មជាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសតាយ សេង ដោយមានកម្មករប្រមាណ ៩ពាន់នាក់ មកពី៣រោងចក្រ ក្នុងចំណោមជាង ១០រោងចក្រ បាននាំគ្នាជួបជុំតវ៉ា ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលបន្ថែម២០ដុល្លារ លើការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៦។
ប្រភពបន្តថាការប្រើហឹង្សារបស់ក្រុមទាំងនេះសមត្ថកិច្ចក៏បានបង្ខំចិត្តប្រើរថយន្តបាញ់ទឹកជាច្រើនគ្រឿងបាញ់ទប់ស្កាត់ដើម្បីកុំអោយពួកក្រុមនោះបន្តអុកឡុកដល់រោងចក្រក្នុងតំបន់សេដ្ដកិច្ចពិសេសតាយសេងផងដែរ ។
ក្រោយពីបង្កហិង្សាដោយបានយកដុំថ្មគប់និងវាយបំផ្លាញសម្ភារៈទ្រព្យសម្បត្តិនៅក្នុងរោងចក្រនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនក្រុមតវ៉ាទាំងនេះបានជាង៥០នាក់បញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងដើម្បីសាកសួរ ។
រហូតមកដល់វេលាម៉ោង៦ល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សមត្ថកិច្ចនគបាលក៏បានធ្វើការអប់រំ និងណែនាំធ្វើកិច្ចសន្យាដល់កម្មករការនីចំនួន៥៨នាក់អោយឈប់បង្ករការអុកឡុក នៅរោងចក្រក្នុងតំបន់តំបន់សេដ្ឋកិច្ចពិសេសតាយ សេង និងមែនហាតធេន បន្តទៀតនិងបានអោយកម្មករកម្មការិនីមានសេរីភាពវិលទៅមូលដ្ឋានវិញ ផងដែរ ៕
ដោយ៖ យឹម សុថាន