វង្ស អាលីស ប្តឹងមេធាវីមានមុខមាត់ម្នាក់ឡើងតុលាការរឿងប្រមាថឆាតសួរតម្លៃខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែលេចចេញដំណឹងថាតារាសម្តែងស្រី ស្រស់សោភា កញ្ញា វង្ស អាលីស បានដាក់ពាក្យប្តឹងបុរសមានតួនាទីជាមេធាវីម្នាក់ឡើងតុលា បន្ទាប់ពីបុរសនោះបានមាក់ងាយ ដោយការឆាតសួរតម្លៃខ្លួន ប្រដូចទៅនឹងនារីផ្លូវភេទ។ 

ចាត់ទុកថានេះគឺជាលើកដំបូងហើយដែលតារាសម្តែងស្រីម្នាក់ហ៊ានចេញមុខប្តឹងទៅកាន់បុរសដែលបានប្រមាថមាក់ងាយមកលើសិល្បករតាមរយៈការឆាត សាកសួរតម្លៃខ្លួនប្រដូចនាងទៅនឹងនារីលក់ខ្លួន។

ប្រភពពីអ្នកសិល្បករដែលស្និទ្ធនឹងតារាស្រីរូបនេះបានបញ្ជាក់ថា វង្ស អាលីសត្រូវបានបុរសដែលទើបនឹងឡើងឋានៈជាមេធាវី និងមានទ្រព្យស្តុកស្តម្ភម្នាក់ធ្វើការមាក់ងាយរហូតធ្វើឲ្យតារាស្រីរូបនេះខឹងសម្បាជាខ្លាំង។ ប្រភពបន្តថា ការប្រមាថរបស់បុរសនោះបានធ្វើឲ្យនាងសម្រេចចិត្តប្តឹងបុរសនោះឡើងតុលាហើយ ហើយព្រឹកថ្ងៃទី១៧នេះនាងនឹងឡើងទៅបំភ្លឺតាមពាក្យបណ្តឹងដើម្បីដាក់បន្ទុក។ មានការលើកឡើងដែរថា នាងចង់ឲ្យមានការផ្តល់តម្លៃមួយសម្រាប់ស្ត្រី រួមទាំងសិល្បករផងដែរ ដែលមិនចង់ឃើញការប្រមាថបែបនេះឡើយ ។ 

នៅមិនទាន់អាចទំនាក់ទំនងស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីរូបនេះនៅឡើយ ប៉ុន្តែយោងតាមគណនីយហ្វេសប៊ុករបស់នាងក៏បានបញ្ជាក់ដោយខ្លីថា”លេងខុសមនុស្សហើយណាលោកអ្នកមាន។ ការងារល្អ ឋានៈក៏ខ្ពស់បែជាមកលេងជាមួយនឹងនាងខ្ញុំប្រហែលជាចង់ល្បីឈ្មោះហើយ”។ 

គួរបញ្ជាក់ដែរថា វង្ស អាលីស គឺជាតារាសម្តែង និងបង្ហាញម៉ូតដែលទើបនឹងបញ្ចប់ការសម្តែង និងបង្ហាញម៉ូតលក្ខណៈអន្តរជាតិធំមួយនៅប្រទេសថៃ។ ថ្មីៗនេះនាងទើបនឹងទទួលបានតំណែងតួ​ឯកក្នុងភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយផងដែរ។ នាងក៏ត្រូវបានគេសរសើរពីរូបសម្រស់ស្រស់សោភា ប្រដូចគ្នានឹងកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧កញ្ញា ប៊ី សុធារី រផងដែរ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print