ពិភពលោកមាន ដូណាល់ ត្រាំ អាមេរិក តែមួយប៉ុណ្ណោះ ធ្វើឲ្យច្របូកច្របលនយោបាយ កែប្រែ បែកបាក់សាមគ្គីបង្កឲ្យមាន វិវាទជាច្រើន កើតឡើង ។ នៅពេលនេះដែរមានលោក Boris Johnson ត្រូវបានគេផ្តល់រហ័សនាមថា«ដូណាល់ត្រាំ អង់គ្លេស» មួយរូបទៀត ដោយមានទស្សននយោបាយ ដឹកនាំ ប្លែកៗ មិនខុសអ្វីពីលោកត្រាំ នោះឡើយ។
គ្រាន់តែចូលកាន់តំណែងនាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេសភ្លាម ក៏បានដកតំណែងរដ្ឋមន្ត្រីជាច្រើន រូប ដើម្បីផ្លាស់ប្តូរដាក់មនុស្សរបស់ខ្លួនវិញ។ ក្រៅពីនេះ មន្ត្រីជាច្រើនរូបផ្សេងទៀត ក៏បានដាក់លិខិតលាលែងចេញពីតំណែងផងដែរ ដោយមិនអាចធ្វើការចុះសម្រុង ជាមួយ«ដូណាល់ ត្រាំ អង់គ្លេស» ។
ជាមួយគ្នានេះ ដូណាលត្រាំ ទាំងពីរ កំពុងតែបង្វែគោលដៅឆ្ពោះមកកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន។ សកម្មភាពទាំងនោះ នឹងធ្វើឲ្យចិនជួបនៅផលលំបាកកាន់តែខ្លាំង ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា មិនរាថយចំពោះផលប្រយោជន៍ជាតិនោះឡើយ ហើយបណ្តាប្រទេសលោកខាងលិច ត្រូវតែគោរព ច្បាប់ចិនតែមួយ ពាក់ព័ន្ធបញ្ហាកោះតៃ វ៉ានក៏ដូចជាកោះហុងកុងជាដើម។
កន្លងមកថ្មីៗ តំណាងក្រសួងការពារជាតិចិន បានឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ ស្ថានភាពនៅកុងហុងកុង ថាចិននឹងធ្វើទៅតាមច្បាប់ ដោយក្នុងនោះ អាចនឹងបញ្ជូនកម្លាំងទាហានទៅបំពេញភារកិច្ចទប់ស្កាត់បាតុកម្ម បើរដ្ឋាភិបាលកោះហុងកុង ស្នើនោះ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសនៅថ្ងៃ ទី២៤ ខែកក្កដា ថា ការបំផ្លាញការិយាល័យតំណាងរដ្ឋាភិបាលទីក្រុងប៉េកាំងនៅកោះហុងកុង គឺជា ទោសយ៉ាងធំ ពាក់ព័ន្ធនិងច្បាប់ ប្រទេសមួយរបបដឹកនាំពីរ ។ ទីក្រុងប៉េកាំងចាត់ទុកថា ក្រុមដែលវាយប្រហារទៅលើ ការិយាល័យ តំណាង កាលពីថ្ងៃទី២១ខែកក្កដា គឺជាក្រុមជ្រុលឧទ្ទាមជ្រុលនិយម ។
ក្រុមបាតុកម្ម បាននិងកំពុងតែបង្កឲ្យមានភាពចលាចល ក៏ដូចជា បំផ្លាញរបបដឹកនាំ ប្រទេសមួយ របបដឹកនាំពីរ ។ ការបំផ្លាញនោះគឺមិនអាចទទួលយកបានឡើយ ហើយចិននឹងមានវិធានការទប់ស្កាត់ ។
តាមមាត្រាទី១៤នៃច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលហុងកុងមានសិទ្ធស្នើជំនួយពីកម្លាំងទាហានបដិវត្សន៍ ប្រជាជនចិនមកឈរជើងនៅលើកោះហុងកុងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ពេលមានភាពចលាចល។ ក្រោយបំពេញការងាររួច កម្លាំងទាហាននឹងចាកចេញពីកោះហុងកុង ។
កាលពីថ្ងៃទី២១ខែកក្កដា ក្រុមបាតុករហុងកុងបាន វាយបំផ្លាញការិយាល័យតំណាងរដ្ឋាភិបាលទីក្រុប៉េកាំង ។ កម្លាំងប៉ូលិសបានប្រើប្រាស់ គ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីវាយប្រហារ បំបែកហ្វូងបាតុករ ប្រឆាំងនិងច្បាប់ ធ្វើបត្យាប័ន។
នៅពេលនេះដែរ សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងមួយគ្រឿង ឱ្យទៅធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់សាជាថ្មី បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីលទ្ធភាពនៃការធ្វើសង្រ្គាម ក្នុងករណីទីក្រុងតៃប៉ិ ប្រកាសឯករាជ្យ។
យោធាអាមេរិកនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ទៀតថា នាវាចម្បាំង USS Antietam បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃពុធសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងដូច្នេះថា៖ «នាវាចម្បាំងអាមេរិក បានធ្វើដំណើរឆ្លង កាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសេរីភាព និងការបើកចំហរ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក…ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើការហោះហើរ និងនាវាចរ ទៅកាន់គ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយ ហើយក៏នឹងមិនមែនជាលើកចុងក្រោយដែរ ដែល នាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បើទោះជាការធ្វើបែបនេះតែងតែ ធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ។ ជាក់ស្ដែង នៅថ្ងៃពុធសប្ដាហ៍នេះ ចិនបានព្រមានជាថ្មីថា ខ្លួននឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិក ហ៊ានប្រកាស ឯករាជ្យ ឬកម្លាំងខាងក្រៅណាមួយ ដូចជាសហរដ្ឋអាមេរិក ចង់បំបែកតៃវ៉ាន់ ចេញពីចិនដីគោក។
នៅក្នុងសៀវភៅស ការពារជាតិ ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំង ថាកំពុងតែធ្វើឲ្យ អស្ថេរភាពពិភពលោកទាំងមូល តាមរយៈការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ក៏ដូចជាលក់អាវុធទៅឲ្យកោះតៃវ៉ាន់។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ស្ថានភាពពាក់ព័ន្ធនិងកោះតៃវ៉ាន កាន់តែអាក្រក់ទៅ ។ ក្រុមអ្នកគាំទ្រកោះតៃវ៉ាន ឯករាជ្យគឺជាការគំរាមកំហែង ដល់សន្តិសុខ ស្ថេរភាព និងសន្តិភាព ដល់តំបន់និងពិភពលោកទាំងមូល។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការពារជាតិអាមេរិកនាពេលថ្មីៗនេះ បានអនុម័ត លក់អាវុធទៅឲ្យកោះតៃវ៉ានមានតម្លៃ រហូតដល់ទៅជាង២,២ពាន់លានដុល្លារ ។ សកម្មភាពទាំងនោះជាការបំពានច្បាប់ចិត តែមួយដែលអាមេរិក បានព្រមព្រៀង ។ កោះតៃវ៉ាន គ្រាន់តែជាខេត្តស្វ័យភាពមួយរបស់ចិនតែប៉ុណ្ណោះ ។
នៅក្នុងសន្និសីទកាសែតប្រកាសពីសៀវភៅការពារជាតិ តំណាងក្រសួងការពារជាតិចិនបានប្រកាសថា ចិនមិនសន្យាថានឹងមិនប្រើប្រាស់កម្លាំងយោធា អាវុធ ទៅលើតៃវ៉ាននោះឡើយ ។ ប្រសិនបើតៃវ៉ាន ប្រកាសឯករាជ្យនោះ ចិននឹងវាយប្រហារទៅលើកោះនេះជាមិនខាន។
សៀវភៅការពារជាតិចិន មានចំណងជើងថា«ការពារជាតិក្នុងសករាជថ្មី»ត្រូវបានប្រកាសជាផ្លូវការដោយការិយាល័យព័ត៌មានជាតិ។ សារព័ត៌មានចិនបានផ្សាយថា សៀវភៅការពារជាតិចិន និងជួយដល់សហគមន៍អន្តរជាតិយល់កាន់តែច្បាស់ពី សកម្មភាពការពារជាតិរបស់ចិន៕