អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ ប៉ូលិសនឹងប្រើគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ដើម្បីចាប់ខ្លួនលោកសម រង្ស៊ី និង បក្ខពួក

ចែករំលែក៖

ភ្នំពេញ៖អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថានៅថ្ងៃទី២៧ ខែកក្កដា នេះថា “ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តអោយមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរកនិងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និង បក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន”។

ការអះអាងរបស់សមត្ថកិច្ច នាពេលនេះ គឺ ស្របពេលដែលលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយតែងតែបន្តការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយគ្មានស្រាកស្រាន្តឡើយ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់អោយចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និង បក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោសហើយបច្ចុប្បន្នកំពុងគេចខ្លួន ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្ថែមថា “សូមបញ្ឈប់ជាបន្ទាន់នូវរាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ ព្រោះសកម្មភាពរារាំងការអនុវត្តដីការបស់តុលាការ គឺ ជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន” ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print