ខេត្តមណ្ឌលគីរី ៖ រថ យន្តក្រុងក្រុមហ៊ុនរតនៈសម្បត្តិដឹកអ្នកដំណើពីភ្នុំពេញទៅរតនគិរីក្រឡាប់ដោយខ្លួនឯងនៅមណ្ឌលគិរីបណ្តាលឱ្យមនុស្សចំនួន០៤នាក់ ក្នុងចំណោម១៣នាក់ ដែលជិះនៅក្នុងនោះបានរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។
ហេតុការណ៍ដែលរថយន្តបានក្រឡាប់ដោយខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង៤.៤៥នាទីទាបភ្លឺព្រឹកថ្ងៃអង្គារ ១៤ រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រ១២៩ និង១៣០ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។
ប្រភពពីនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បានឱ្យដឹងថា អ្នកបើកបរឈ្មោះ ឈុន ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរនេល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរត់គេចខ្លួន ក្រោយកើតហេតុភ្លាមៗ។
ហើយសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងតែស្រាវជ្រាវរកអ្នកបើកបរឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ផងដែរ។
ប្រភពបន្តថាជនរងគ្រោះចំនួន៤នាក់ ដែលក្នុងនោះមានប្រុស៣នាក់ ស្រីម្នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី នៅឡើយ។
ហើយសត្ថាភាពរបួស គឺស្រាលៗប៉ុណ្ណោះឯមនុស្សជាច្រើននាក់ផ្សេងទៀត គឺពុំមានរងរបួសនោះឡើយ។
ហើយមូលហេតុដែលបណ្តាលឱ្យរថយន្តនោះក្រឡាប់ គឺដោយសារតែ អាកាសធាតុត្រជាក់មេឃមានចុះអព្ទខ្លាំងលាយឡំមានភ្លៀងធ្លាក់ទៀតផងក៏ជួបហេតុការណ៍នោះតែម្តង។
រថយន្តក្រឡាប់នោះក៏បានបង្ករឱ្យមានការខូចខាតប្រឡាយទឹកហូរចញ្ចើមផ្លូវអស់៣០ម៉ែត្រ បាក់បង្គោលស្លាកសញ្ញាអស់ពីរដើមផងដែរ។
ឯរថយន្តក្រោយកើតហេតុត្រូវបានមន្ត្រីជំនាញអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីតាមក្រោយ៕ ដោយ ជីវ័ន្ត