ភ្នំពេញ ៖ អតីតសកម្មជនបក្សប្រឆាំង ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃចាប់ខ្លួន នៅល្ងាចថ្ងៃអង្គារ ១៤រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook។
លោកលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា អតីតសកម្មជនបក្សប្រឆាំង ដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ រាជរាជរដ្ឋាភិបាលតាមរយៈការកាត់រូបភាពផ្សេងៗ មកបង្ហោះលើហ្វេសប៊ុករបស់ខ្លួន។
លោកលោកឧត្តមសេនីយ៍ឯក ជា ពៅ បន្តថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម ខណៈដែលប្រទេសជាតិ កំពុងមានសុខសន្តិភាពទៅហើយនោះ ។
រហូតមកដល់ពេលនេះ អតីតសកម្មជនបក្សប្រឆាំងរូបនេះ កំពុងត្រូវបានសួរនាំ ដោយកម្លាំងសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចនឹងបន្តចាត់វិធានការជននេះតាមនីតិវិធី ៕ ប្រាថ្នា