ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា សហការចុះអនុវត្តបណ្ដឹងផ្ទាល់មាត់ដោយឃាត់ខ្លួនអ្នកជំនួញវត្ថុបុរាណចំនួន ៣នាក់ សុទ្ធតែអ្នកកាសែត និងនគរបាល ក្នុងនោះដកហូតបាននូវវត្ថុតាង និងសម្ភារៈមួយចំនួនធំ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង០២នាទីយប់ ថ្ងៃពុធ ១៥រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់យីហោ(សេរីសុខា) ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ភន ហ៊ាន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ភ្នាក់ងារសារព័ត៌មានអង្គភាព(វរៈសែនជ័យ) មានទីលំនៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាម្ចាស់រថយន្តម៉ាក កាមរីបាឡែន ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD 8770 ទី២ ឈ្មោះ អុី ម៉ុក ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ភ្នាក់ងារសារព័ត៌មានអង្គភាព(មានជ័យ) មានទីលំនៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកកំពង់លាវ ខេត្តព្រៃវែង និងទី៣ ឈ្មោះ គឹម ចន្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល និងជាភ្នាក់ងារសារព័ត៌មានអង្គភាព(មានជ័យ) មានទីលំនៅភូមិ.ឃុំគោកគងលិច ស្រុកកញ្ជៀច ខេត្តព្រៃវែង ។
លោក អធិការនគរបាលបន្តថា ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងរួមមាន វិទ្យុទាក់ទង(ម៉ូតូរ៉ូឡា)ចំនួន ០៣គ្រឿង លុយដុល្លារក្លែងក្លាយ(លុយសែន)ចំនួន ៧ពាន់ដុល្លារ លុយខ្មែរចំនួន ៤០មុឺនរៀល លោហធាតុរូបព្រះចំនួន ៣អង្គ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ហើយការឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតនូវវត្ថុតាង និងសម្ភារផងនេះ គឺអនុវត្តបណ្ដឹងផ្ទាល់មាត់របស់ឈ្មោះ មុត រិទ្ធ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ថា ជនសង្ស័យទាំង ៣នាក់បានធ្វើសកម្មភាពឆរបោក(លក់វត្ថុបុរាណ)ឲ្យបងប្អូនរបស់គាត់ នៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីប៉ុន្មានថ្ងៃមុន ដោយអស់ទឹកប្រាក់ជាង ៩ពាន់ដុល្លារអាមេរិច និងម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ថែមទៀតផងដែរ ។
លោក បន្តទៀតថា ជនសង្ស័យបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចំពោះវត្ថុបុរាណដែលក្រុមជនសង្ស័យលក់ឲ្យទៅប្រជាពលរដ្ឋនោះ គាត់បានយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលយើងហើយ ចំណែកលុយចំនួន ៩០០០ដុល្លារ និងម៉ូតូចំនួន ១គ្រឿង សមត្ថកិច្ចនគរបាលមិនទាន់បានសួរនាំច្បាស់លាស់នៅឡើយនោះទេ ខណៈកំពុងស្រាវជ្រាវបន្តនៅឡើយ ហើយក៍បានទទួលបណ្ដឹងផ្ទាល់មាត់ស្រដៀងគ្នា ១ករណីថែមទៀត ពីប្រជាពលរដ្ឋនៅឯស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕ បុឹម ពិន