កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់ ដោយមកទល់ពេលនេះ បានបាញ់សាកល្បងដល់ទៅ៥លើករួចមកហើយ ។ ប៉ុន្តែអាមេរិក ហាក់បីដូចជាមិនចាប់អារម្ភពីការបាញ់មីស៊ីលទាំងនោះឡើយ ដោយអាមេរិក បានដឹងជាមុន។
ការបាញ់មីស៊ីលនៅថ្ងៃទី១០ ខែសីហា គឺជាការបាញ់សាកល្បងលើកទី៥ហើយ ចាប់តាំងពីចុងខែកក្កដា មកទល់ពេលនេះ ។ ការបាញ់សាកល្បងលើកទីមួយនៅកាលពីថ្ងៃទី ២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី២ និងថ្ងៃទី៦ ខែសីហា កន្លងទៅនេះ។
ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការបាញ់សាកល្បងមីស៊ីលនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថាលោកទទួលបានសំបុត្រមួយច្បាប់ពីលោក គីម ជុងអ៊ុន ដែល សម្ដែងការមិនពេញចិត្តប្រាប់លោកពីការធ្វើសមយុទ្ធយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងប្រកាសនៅព្រឹកថ្ងៃទី១០ ខែសីហានេះថា កូរ៉េខាងជើងបានបាញ់មីស៊ីល ពីរគ្រាប់ ចេញពីទីតាំងនៅក្នុងទីក្រុង Hamhung ភាគឦសាន្តនៃប្រទេសកូរ៉េខាងជើង ទៅកាន់សមុទ្រជប៉ុន។
នៅពេលនេះកម្លាំងទាហានកូរ៉េខាងត្បូង បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ខ្លាចកូរ៉េខាងជើងបន្តបាញ់សាកល្បង មីស៊ីលជាបន្តទៀត។
នេះជាសកម្មភាពថ្មីបំផុតរបស់ទីក្រុងព្យុងយ៉ាង ក្រោយពេលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលកាលពីថ្ងៃទី៦ ខែសីហា ហើយនេះក៏ជាការបាញ់សាកល្បងលើកទី៥ហើយរបស់កូរ៉េខាងជើង ដោយមួយលើកបាញ់ពីរគ្រាប់។
តាមរបាយការណ៍បានឲ្យដឹងថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ហោះបានចម្ងាយ ៤៥០ គីឡូម៉ែត្រ ក្នុងកម្ពស់៣៧គីឡូម៉ែត្រ ហើយធ្លាក់នៅសមុទ្រភាគខាងត្បូង កូរ៉េខាងជើង គឹស្ថិតនៅក្នុងសមុទ្រជប៉ុន។
នៅពេលនេះអាមេរិកនិងកូរ៉េខាងត្បូង មិនទាន់មានប្រតិកម្ម អ្វីនោះឡើយចំពោះការបាញ់សាកល្បងថ្មីនោះ ។ កន្លងមកអាមេរិក មិនខ្វល់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងឡើយដោយមីស៊ីលនោះ ជាមីស៊ីលធម្មតា ដូចជាប្រទេសផ្សេងទៀត៕