ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ក្រោយពីអតីតតារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជុំវិញបុរសជាមន្ត្រីយោធាម្នាក់បានធ្វើការប្រមាថ នាងចំៗថាស្រីផិតប្តី និងជេនាងតាមការ Call វីដេអូផងដែរ។ តារាស្រីរូបនេះបានសម្រេចចិត្តប្តឹងលើបុរសនោះជាផ្លូវការហើយ ហើយនាងស្នើឲ្យមានការស្វែងរកយុត្តិធម៌មួយសម្រាប់ការមាក់ងាយមួយនេះ។
ផ្តើមពីការLiveលក់ផលិតផលលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី១៤ខែសីហានេះ ស្រាប់តែលេចមុខបុរសម្នាក់មានគណនីយហ្វេសប៊ុក ឈ្មោះ “អ៊ូ រិទ្ធីតាខ្មៅ” បានចូលមកComment ពាក្យថា”មនុស្សស្រីផិតប្តី” រហូតធ្វើឲ្យអតីតតារាស្រីរូបនេះមិនពេញចិត្តជាខ្លាំងហើយបានព្យាយាមទាក់ទងតាមការហៅ(Call) ជាវីដេអូទៅកាន់បុរសម្នាក់នេះដើម្បីសួរនាំ។ មិនទាំងបានសួរនាំផងបុរសម្នាក់នេះថែមទាំងជេរដោយពាក្យថា”មីចុយម្រាយ” បន្ថែមទៀតដែលធ្វើឲ្យនាងកាន់តែខឹងសម្បាជាខ្លាំងរហូតសម្រេច ធ្វើការLive ហ្វេសប៊ុកបន្តទាំងយប់ដើម្បីឲ្យមហាជនមានការដឹងលឺ ដោយនាងទាមទារនូវយុត្តិធម៌សម្រាប់រូបនេះ។ នាងស្នើឲ្យស្នាប័នពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌សម្រាប់រូបនាងខណៈដែលបុគ្គលរូបនេះបានជេប្រមាថទាំងនាងមិនបានពាក់ព័ន្ធ ឬបញ្ចេញសកម្មភាពអ្វីក្រៅតែពីការLiveលក់ផលិតផង។ នាងថា “បើគ្មានយុត្តិធម៌មកលើខ្ញុំទៀតទេ ខ្ញុំអស់ជំនឿហើយ”។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់គូស្នេហ៍ របស់អ្នកនាងគឺលោក ហេង ឡុង បានប្រកាសថា សមាគមសិល្បករខ្មែរសម្រេចប្តឹងបុគ្គលឈ្មោះ”អ៊ូ រិទ្ធី” ដែលបានជេប្រមាថមកលើកអ្នកនាងចន ច័ន្ទលក្ខិណា ហើយលោករងចាំមើលថាតើក្រសួងការពារជាតិនិងចាត់វិធានការយ៉ាងណាចំពោះបុគ្គលរូបនេះ?” ៕ ដោយ ៖ វឌ្ឍនា