ឪពុកម្តាយបោកខ្លួនយំដូចសត្វអក ថ្ងៃឡើងគេហដ្ឋានថ្មីមិនទាន់ចប់ផង បន្តរៀបចំបុណ្យសពកូន និងក្មួយ ដែលលង់ទឹកស្លាប់ក្នុងអណ្តៅដី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យអនិច្ចាណាស់ នេះជាវិប្បដិសារីបន្សល់ទុកមួយជីវិត!! ថ្ងៃរៀបចំពិធីឡើងគេដ្ឋានថ្មីមិនទាន់បានបញ្ចប់ស្រួលបួលផង ត្រូវបន្តរៀបចំធ្វើពិធីបុណ្យសពកូននិងក្មួយ ។ ករណីនេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣​រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ដោយសារតែក្មេងទាំង២នាក់បានលង់ទឹកស្លាប់នៅក្នុងរណ្តៅដី ត្រង់ចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមការរៀបរាប់ពីលោក ទូច ដែលត្រូវជាបងប្រុសរបស់ម្តាយសពទាំងពីនាក់ឲ្យដឹងថា​ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃក្រុមគ្រួសាររបស់ប្អូនគាត់បានរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មី ដោយបានអញ្ជើញភ្ញៀវញាត្តិមិត្តជិតខាង ពិសេសប្អូនបង្កើតនៅបាត់ដំបង ឲ្យមកចូលរួមកម្មពិធីឡើងផ្ទះថ្មី ជាថ្ងៃសិរីសួស្តី ។

លោកបន្តថា ចាស់ទុំទាំងអស់គ្នាមិនបានចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយ ព្រោះតែរវល់រៀបចំពិធី ។ លុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ ប្អូនគាត់ទាំង២នាក់ ដែលជាម្ចាស់កម្មវិធី បាននាំគ្នាគិតគូលុយ ស្រាប់តែពេលនោះបាត់កូនទាំង២នាក់មិនដឹងទៅណា ក៏នាំគ្នាឆោឡោឡើង ខ្លះដើររក ពេលដើរទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញស្បែកជើង ក៏ចុះរាវរកឃើញក្មេងទាំង២លង់ទឹកក្នុងរណ្តៅ បានបីពួកគេយកមកផ្ទះក្នុងសភាពទន់ដៃជើងអស់ហើយ បើទោះបីខិតខំជួយរលាក់យ៉ាងណាក៏មិនដឹងខ្លួន នៅទីបំផុតក្មេងទាំង២នាក់បានផុតដង្ហើមស្លាប់បាត់ទៅហើយ។

លោកឲ្យបន្តថា សពក្មេងទាំង២នាក់ ១-ឈ្មោះ ដាវ រី អាយុ៥ឆ្នាំ ភេទស្រី ម្តាយឈ្មោះ ង៉ាន់ សុជាតិ ឪពុកឈ្មោះ ដុក ធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២-ឈ្មោះត្រាំ សាន់ ប្រុសអាយុ៦ឆ្នាំ ភេទប្រុស ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា បន្ទាប់មន្ត្រីផ្នែកជំនាញពិនិត្យ និងធ្វើកោសលវិច័យរួចបានសន្និដ្ឋានថា ក្មេងទាំង២នាក់ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដ មិនមានជាប់ពាក់ព័ន្ធនិងអំពើប៉ងធ្វើឃាតនោះទេ ។ សពបានប្រគល់ជូនឪពុកម្តាយ ដើម្បីរៀបចំចាត់តែងធ្វើបុណ្យតាមប្រពៃណី ក្នុងទឹកមុខដ៏សោកសង្រេងបន្សល់ទុកវិប្បដិសារី​ពេញមួយជីវិតប៉ុណ្ណោះ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print