ខេត្តព្រះសីហនុ៖ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកុមារកំព្រារ និងនាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រារខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៩ ។ លោកស្រី សំ ខាន់ឌី នាយិការបុរីកុមារកំព្រារខេត្តព្រះសីហនុបានឱ្យដឹងថា បច្ចុប្បន្នបុរីកុមារកំព្រារទទួលកុមារស្នាក់នៅចំនួន ២៦នាក់ ប្រុស ៥នាក់ ហើយបុរីបានបញ្ជូនកុមារកំព្រារទាំងអស់ចូលសិក្សារៀនសូត្រនៅតាមសាលារដ្ឋដូចកុមារដទៃទៀតផងដែរកុមារដែលចេញពីបុរី ៩០ភាគរយបានទទួលការងារធ្វើ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថ្លែងអំណរគុណអ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឱ្យចូលសាលារៀនសូត្រដូចកុមារដទៃទៀត នេះជាការយកចិត្តទុកដាក់ ក្នុងការមើលថែទាំកុមារឱ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ។
ឯកឧត្តមអភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រារទាំងអស់ត្រូវស្តាប់តាមការអប់រំរបស់អ្នកគ្រូក្នុងបុរី ខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង ចំណេះធ្វើក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីបុរី ក្មួយៗអាចរកការ ងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៍បាននាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រារខេត្តព្រះសីហនុ មានដូចជា ស្កសរ ៥០គីឡូក្រាម អំបិល, ៥០កញ្ចប់, ប៉ីចេង ៥០កញ្ចប់, ក្រមា ៥០, កន្សែង ពោះគោ ៣០, ត្រីខកំប៉ុង ២កេសធំ ទឹកសុទ្ធ ៥០កេស ។ ចំពោះអ្នកគ្រូចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល និងកុមារកំព្រារចំនួន ២៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល៕
ឆ្លាម សមុទ្រ
...