មកដល់ពេលនេះ មនុស្សរបួសធ្ងន់ស្រាល១៤នាក់ (ស្រី៤នាក់) ករណីផ្ទុះកន្លែងបញ្ចូលហ្គាសរថយន្ត២៤ម៉ោងនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ផ្ទុះឆេះការ៉ាស LPG បញ្ចូលហ្គាសរថយន្ត ២៤ ម៉ោង ត្រូវភ្លើងឆេះម៉ត់មួយប៉ប្រិចភ្នែកនៅតាមបណ្តោយផ្លូវលោកតាណឺយ បណ្តាលឱ្យមានមនុស្ស ប្រុស ស្រី រងរបួសធ្ងន់ស្រាល១៤នាក់ (ស្រី៤នាក់) ក្នុងនោះមានជនបរទេស គ្រូបង្រៀន ស្រី២នាក់ ផងដែរ ខណៈកំពុងបញ្ចូលហ្គាស ចេញពីឡាន ចូលស៊ីទែន ដើម្បីទុកលក់ បង្កឱ្យមានការកកស្ទះ ពេញផ្លូវ និង ភ្ញាក់ផ្អើលពេញក្រុងសៀមរាប ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យសុរិន្ទ នៃប្រទេសថៃ ចំនួន ៩នាក់(ស្រី២នាក់)ហេតុការគ្រោះអកុសលនេះ បានកើតឡើងនៅវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា មុនដំបូងមានរថយន្ត១គ្រឿងបានចូលទៅដាក់ហ្គាសនៅទីនោះ ហើយ បញ្ចូលទៅដាក់ស៊ីទេន ដើម្បីទុកលក់ចែកចាយ ស្រាប់តែមួយសន្ទុះ ក៏លឺសូរផ្ទុះ អណ្តាតភ្លើងឡើង ចេញពីក្នុងនោះ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន១៤នាក់ (ស្រី៤នាក់)ក្នុងនោះមានជនបរទេស ស្រី២នាក់ផងដែរ។ប្រភពបានរៀបរាប់បន្តថា បន្ទាប់ពីផ្ទុះស៊ីទែនហ្គាស រួចមក ផ្ទះអ្នកជិតខាង រងការខូចខាត បែក កញ្ចក់ខ្ទេចនៅក្នុងផ្ទះ និងដំបូលផ្ទះ ខណៈពេលដែលហ្គាសផ្ទុះ រួចក៏នាំគ្នា ជួយទាញស៊ីយោ បាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាសខ្លាំងពេក ធ្វើឱ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់ នាំគ្នា រត់យកឥវ៉ាន់ រៀងៗខ្លួនចេញពីផ្ទះ។
តាមប្រភពនិយាយតៗគ្នាថា មូលហេតុនៃការឆេះស៊ីទែនហ្គាសនោះ គឺបណ្តាលមកពីដាក់លើសកំណាត់នៃ ស៊ីទែននោះ ព្រោះស៊ីទែន ហ្គាសនោះ ដាក់បានតែចំនួន១០០លីត្រ ដល់ពេលឡានបញ្ចូលទៅប្រហែលជាលើសទើបផ្ទុះឆេះយ៉ាងសន្ធសន្ធៅឡើងខ្លាំងបែបនេះ។
 បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួល ការិយាល័យបង្កា ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការនគរបាលខេត្តបានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩នេះថា បើនិយាយពីមូលហេតុនិងការខូចខាត នៅមិនទាន់ដឹងនៅឡើងទេ ព្រោះកម្លាំងយើងកំពុងស៊ើបសួរ អ្នកជុំវិញផ្ទះកើតហេតុ និងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្រង់សតិ ផ្ទះដែលត្រូវខ្ទេចដោយបែកកញ្ចក់មុខផ្ទះ និង ដំបូល ព្រមទាំងសម្ភារៈជាច្រើនទៀត។
លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនិងពន្លត់ ករណីឆេះទីតាងបញ្ចូលហ្គាស់រថយន្តនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុប អស់ចំនួន ១២ឡាន ក្នុងនោះមាន៖រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចំនួន៣ឡាន ប្រើទឹកអស់ ៧ ឡាន ,រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះអន្តរជាតិសៀមរាប ចំនួន១ឡាន ប្រើទឹកអស់១ឡាន,រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្ត ចំនួន៥ឡាន ប្រើទឹកអស់១៥ឡាន ,រថយន្តពន្លត់អគ្គិភ័យរបស់ភូមិវប្បធម៌ ចំនួន២ឡាន់ប្រើទឹកអស់៣ឡាន និង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការពិសេចចំនួន១ឡាន ប្រើទឹកអស់១ឡាន ទើបជួយបន្លត់បានជោគជ័យនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែរ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print