ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីបានធ្វើសកម្មភាពលួចម៉ូតូពីខណ្ឌសែនសុខតែត្រូវសមត្ថកិច្ចតាមចាប់បាននៅខណ្ឌពោធិ៍សែនជ័យ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២០សីហាឆ្នាំ២០១៩ នៅចំណុចក្នុងឃ្លាំងលេខ៥៥៥ ផ្លូវ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យឈ្មោះ ធិល ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ណេង ស៊ុយស្រេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវលំ ភូមិអូរបែកកញអម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកឃ្លីក ផលិតឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HG-4193(ប្រគល់ឲ្យជនរងគ្រោះវិញ) ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថាមុនពេលកើតហេតុថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ ពេលល្ងាចជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានចូលដេក លុះព្រឹកឡើងជនរងគ្រោះក្រោកពីដេកដឹងថាបាត់ម៉ូតូក៍បើកកាមេរ៉ាសុវត្ថិភាពមើលឃើញមានជនសង្ស័យចំនួន ០២នាក់ធ្វើសកម្មភាពឆ្កឹះសោរឃ្លាំងចូលលួចម៉ូតូវេលាម៉ោង ០២ និង០០នាទី យប់ថ្ងៃទី២០-០៨-២០១៩ បន្ទាប់មកជនរងគ្រោះបានបើកប្រពន្ធ័ GPS ភ្ជាប់ជាមួយម៉ូតូឃើញលោតសញ្ញានៅចំណុចខាងក្រោយវិទ្យាល័យជម្ពូវ័ន្ត ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រួចជនរងគ្រោះក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរ ។ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ហា គេចខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ចន្ទ លីហ្សា
...